សម្ពោធសមិទ្ធផលក្នុងវត្តវិហារខ្ពស់ ក្រុងសួងតម្លៃជាង ១១ម៉ឺនដុល្លារ, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អំពាវនាវឲ្យបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តបោះជំហានលើការអភិវឌ្ឍន៍ទៀត


ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិគយា ហៅ វត្តវិហារខ្ពស់ ដែលមានតម្លៃជាង ១១ម៉ឺនដុល្លារ ស្ថិតនៅសង្កាត់សួង-សួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ។

ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងដែនដី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ យាយជីតាជី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសម្តេចទាំងទ្វេ ព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបានរួមចំណែក ក្នុងការកសាង និងជួសជុលនូវសមិទ្ធផលនានា ក្នុងវត្តពោធិគយា ហៅវត្តវិហារខ្ពស់នេះឡើងវិញ នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតសម្រេចបានសមិទ្ធផលជាច្រើនតម្កល់ទុក បម្រើដល់សេចក្តីត្រូវការក្នុងផ្នែកពុទ្ធចក្រ។ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងឡាយ ដែលទទួលបាននៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ក្នុងចំណោមសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលបានជួសជុល និងកសាងឡើងវិញជាបន្តបន្ទាប់នៅទូទាំងប្រទេស។

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយរាជរដ្ឋាភិបាលបានបើកទូលាយខាងជំនឿសាសនា និងបានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋដោយគ្មាន ការបែងចែកពីជំនឿ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តមបានលើកបញ្ជាក់ផងដែរថា ទីវត្តអារាមមិនគ្រាន់តែជាទីសក្ការៈសម្រាប់ការគោរពបូជាតាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះបណ្តាល នូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីរួមរស់ សាមគ្គីគ្នាតាមផ្លូវអាណាចក្រទៀតផង។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមបន្តរួមគ្នាលើកស្ទួយ និងបន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ដើម្បីភាពរីកចម្រើនរុងរឿង នៃសង្គមជាតិយើងទៅមុខបន្តទៀត។ ជាពិសេសបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំកម្ពុជា ដើម្បីបន្តបោះជំហានលើការអភិវឌ្ឍន៍ជាបន្តទៀត។

បើតាមឯកឧត្តម ជា ណារ៉ុន អភិបាលក្រុងសួង សមិទ្ធផលនានា ដែលសម្ពោធនាពេលនេះ រួមមាន៖ កុដិ១ខ្នង កម្ពស់២ជាន់, ចាក់បេតុងផ្លូវចូល និងជុំវិញកុដិ, ចាក់ដីបំពេញទីធ្លា និងផ្លូវចូលវត្ត, រៀបថ្មជុំវិញខឿនព្រះវិហារ, រៀបសួនផ្កាជុំវិញព្រះវិហារ, ជួសជុលដំបូលឧបដ្ឋានសាលា, លាបពណ៌ព្រះវិហារ ខ្លោងទ្វារ និងរបងឡើងវិញ សរុបទឹកប្រាក់អស់ចំនួន ១១០.១២៧ដុល្លារ ក្នុងនោះនៅជំពាក់ថ្លៃសម្ភារ និងឈ្នួលជាងចំនួន ៤,៥០០ដុល្លារ មិនទាន់មានលទ្ធភាពសងនៅឡើយ។

ក្នុងនាមសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត, ឧបនាយករដ្ឋមន្រ្តី ជា សុ ផារ៉ា បានបំពាក់គ្រឿងឥស្សរិយយស ប្រគេនដល់ព្រះសង្ឃ លោក លោកស្រី ដែលបានរួមចំណែក ក្នុងការកសាងសមិទ្ធផលនានា ក្នុងវត្តវិហារខ្ពស់នេះ ព្រមទាំង ចែកជូនក្រណាត់ស សម្ភារសិក្សា និងថវិការដល់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពិសេសបានផ្តល់ថវិការ ៤៥០០ដុល្លារ ដើម្បីបង្ក្រប់ដែលវត្តនូវការខ្វះថ្លៃសម្ភារ និងឈ្នួលជាងនាពេលកន្លងមកផងដែរ៕