ការចែករំលែកចំណេះដឹងស្តីពីការអនុវត្តសកម្មភាពប្រែប្រួលអាកាសធាតុនិងការងារស្រាវជ្រាវ


ខេត្តសៀមរាប៖ អ្នកបច្ចេកទេស អ្នកអនុវត្តគម្រោងជាក់ស្តែង និងអ្នកសិក្សាស្រាវជ្រាវ តំណាងក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ ស្ថាប័នសិក្សា និងអង្គការមិនមែនរដ្ឋាភិបាល សរុប៩០នាក់ ក្នុងនោះស្រ្តី១៩នាក់ បានធ្វើការចែករំលែកចំណេះដឹង បទពិសោធន៍ និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងប្រែប្រួលអាកាសធាតុ ការងារស្រាវជ្រាវនិងការកសាងភាពជាដៃគូ នៅក្នុងដំណាក់កាលទី២នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (Cambodia Climate Change Alliance: CCCA) ស្របពេលដែលកម្មវិធីCCCAនឹងត្រូវបិទបញ្ចប់ដំណាក់កាលទី២របស់ខ្លួននៅចុងខែមិថុនា និងចាប់ផ្តើមដំណាក់កាលទី៣ នៅខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជានាយកកម្មវិធីCCCA បានបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីCCCAថា “ដោយមានកិច្ចខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលនិងការគាំទ្រពីម្ចាស់ជំនួយ កម្មវិធីនេះបានដើរតួនាទីយ៉ាងសំខាន់ និងសម្រេចបានសមិទ្ធផលជាច្រើនក្នុងដំណាក់កាលទី២ពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយថ្នាក់ជាតិ, កិច្ចចរចានៅលើឆាកអន្តរជាតិ, ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់វិស័យ, ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុថ្នាក់ក្រោមជាតិ, ការសិក្សាស្រាវជ្រាវ និង កិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សា”។

ប្រធានបទសំខាន់ៗដែលលើកមកចែករំលែកនិងពិភាក្សារួមមាន៖ ការផ្លាស់ប្តូរនៅក្នុងអង្គភាពអនុវត្តគម្រោងបន្ទាប់ពីទទួលបានជំនួយឥតសំណងពីកម្មវិធីCCCAដំណាក់កាលទី២, គោលការណ៍ណែនាំនៃការអនុវត្តជំនួយឥតសំណង, ការប្រើប្រាស់បទពិសោធន៍នៃគម្រោងនានារបស់CCCA សម្រាប់កំណែទម្រង់គោលនយោបាយ, និងកិច្ចផ្តួចផ្តើមនៃការស្រាវជ្រាវប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងឱកាសសម្រាប់កសាងភាពជាដៃគូឱ្យកាន់តែទូលំទូលាយ។

សូមបញ្ជាក់ថា កម្មវិធីនេះ បានប្រព្រឹត្តទៅដោយមានការចូលរួម ពីតំណាងក្រសួងបរិស្ថាន តំណាងដៃគូពាក់ព័ន្ធ និងតំណាងម្ចាស់ជំនួយកម្មវិធីCCCAដំណាក់កាលទី២ ដូចជាទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអែត(Sida) សហភាពអឺរ៉ុប(EU) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ចាប់ពីថ្ងៃអង្គារ-ពុធ ១០-១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០១៩នៅខេត្តសៀមរាប។