នាយករដ្ឋមន្ត្រីកម្ពុជាទទួលជួបមន្ត្រីជាន់ខ្ពស់វៀតណាម


នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយនឹងមន្ត្រីជាន់ខ្ពស់ នៃប្រទេសវៀត ណាមទទួលបន្ទុកអគ្គអធិការកិច្ច លោក ផាន់ វ៉ាន់សាវ ។ ជំនួបគ្នានេះ បានធ្វើនៅក្នុងវិមានសន្តិភាពនាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ក្នុងឱកាសដែលមន្ត្រីជាន់ខ្ពស់វៀតណាម កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ។
លោក ផាន់ វ៉ាន់សាវ បានជំរាបសម្តេចនូវគោលបំណងនៃដំណើរទស្សនកិច្ច និងការជួបពិភាក្សាជាមួយនឹង លោកជំទាវ ម៉ែន សំអន ដែលជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ឋសភា និងអធិការកិច្ច ។
មន្ត្រីជាន់ខ្ពស់វៀតណាមបានថ្លែងថា កិច្ចពិភាក្សាជាមួយនឹងលោកជំទាវឧបនាយករដ្ឋមន្ត្រី បានផ្ដោតយកចិត្តទុកដាក់លើផ្នែកអធិការកិច្ច និងសហប្រតិបត្តិការលើផ្នែកអធិការកិច្ច ការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកចំណេះដឹង លើការងារអធិការកិច្ច ព្រមទាំងចុះហត្ថលេខាលើអនុស្សារណយោគយល់គ្នាមួយ ដើម្បីជម្រុញ ពង្រឹង និងពង្រីក សហប្រតិបត្តិការរវាងស្ថាប័នទាំងពីរផងដែរ ។
លោក ផាន់ វ៉ាន់សាវ បានបញ្ជាក់ទៀតថា លើសពីនេះទៅទៀត កិច្ចពិភាក្សាការងារនៅកម្ពុជានេះ ក៏បានផ្ដល់ឱកាសអោយមានការសិក្សា ពីគ្នាទៅវិញទៅមកអំពីបញ្ហាអធិការ កិច្ច ហើយភាគីទាំងពីរជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងមានការរីកចម្រើន ហើយការរីក ចម្រើននេះ នឹងបានចូលរួមចំណែកដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរអោយបានកាន់តែស៊ីជម្រៅថែមទៀត ។
សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលទទួលបានពីកិច្ចពិភាក្សារវាងស្ថាប័ន ទាំងពីរ កាលពីព្រឹកមិញនេះ ហើយសម្តេចបានមានប្រសាសន៍គាំទ្រអោយមានកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទ ពិសោធន៍រវាងគ្នាទៅវិញទៅមក ជាពិសេសជម្រុញការអភិវឌ្ឍន៍ធនធានមនុស្ស នៅវិស័យអធិការកិច្ចនេះ ធ្វើយ៉ាងណាឆ្លើយតបទៅលើរាល់ល្បិចរបស់ជនខិលខូច ។
សម្ដេចក៏បានផ្ដល់អនុសាសន៍អោយស្ថាប័នទាំងពីរ គប្បីអធិការកិច្ចទៅលើគោលនយោបាយ ដែលបានដាក់ចេញហើយផងដែរ ។