គ.ជ.ប បន្ថែម ១ថ្ងៃទៀត សម្រាប់ការចុះឈ្មោះបោះឆ្នោត


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចបន្ថែមមួយថ្ងៃទៀតនៃរយៈពេលចុះឈ្មោះបោះឆ្នោត ក្រោយការពិនិត្យវាយតម្លៃនៅថ្ងៃទី២៩ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយនៃការបិទបញ្ជីចុះឈ្មោះបោះឆ្នោត ។ ការសម្រេចផ្តល់មួយថ្ងៃបន្ថែមនេះ គឺនៅបន្ទាប់ពីមានសំណើរបស់ក្រុមអ្នកនយោបាយ និងអង្គការសង្គមស៊ីវិល ដែលបានស្នើរកការបន្ថែមរយៈពេលដល់ ៣ថ្ងៃ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងក្នុងសេចក្តី ប្រកាសព័ត៌មានថ្ងៃទី២៩ ខែវិច្ឆិកា នេះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចបន្ថែមតែរយៈពេលបាន មួយថ្ងៃទេ គឺនៅថ្ងៃទី៣០ ខែ វិច្ឆិកា ដែលថ្ងៃចុងក្រោយបង្អស់នៃការចុះឈ្មោះបោះឆ្នោត ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ទៀតថា គេមិនមានលទ្ធភាពបន្ថែមច្រើនជាងមួយថ្ងៃនេះបានទេ ពីព្រោះនឹងប៉ះពាល់ដល់ពេលវេលានៃការពិនិត្យផ្ទៀងផ្ទាត់ទិន្ន័យ និតិវិធី និងលក្ខណៈបច្ចេកទេសនៃការរៀបចំបញ្ជីបោះឆ្នោត ដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដែលនឹងត្រូវបិទផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៧។
នៅជាមួយគ្នានេះផងដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអោយដឹងថា គិតរយៈពេល ៨៩ថ្ងៃកន្លងមកនេះ ចំនួនមនុស្ស ដែលបានទៅចុះឈ្មោះ មានចំនួន ៧លាន ៧សែន ៦ម៉ឺន ៤ពាន់ ៦៥៣នាក់ ដែលស្មើនឹង ៨០កណ្តក់សញ្ញា ៣៤ភាគរយ ក្នុងចំនួនមនុស្សសរុបជាង ៩លាន ៦សែននាក់ ដែលគ្រប់អាយុ ។ មនុស្សដែលនៅសេសសល់មិនទាន់ចុះឈ្មោះ ត្រូវគេនិយាយថា មានប្រមាណជិត ២លាននាក់ទៀត គិតមកត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ។
enroll-30-11-16-2-copy
enroll-30-11-16-3-copy