សកម្មជនក្រៅប្រទេស បើកកកាយរឿងសង្គ្រោះជាតិ និយាយមិនពិតអំពីជាតិឯង


សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសម្នាក់ ដែលបានភ្ញាក់រលឹកនិងមើលឃើញថា ការឃោសនារបស់សង្គ្រោះជាតិគឺជាការនិយាយមិនពិតអំពីជាតិខ្លួនឯង បានថ្លែងអំពាវនាវដល់សមាជិកគាំទ្រគណ បក្សប្រឆាំងគប្បីបញ្ឈប់ការឃោសនាមិនពិត និងបញ្ឈប់ការលាបពណ៌លើជាតិសាសន៍ខ្លួនឯងទៀតទៅ។ ប្រសាសន៍អំពាវនាវនេះ បានធ្វើឡើងដោយអតីតអនុប្រធានចលនាយុវជនគណបក្សសមរង្ស៊ី ប្រចាំនៅអាមេរិក និងកាណាដា គឺលោក ប៉ាន់ ផល្លា។
លោក ប៉ាន់ ផល្លានៃក្រុងអូតាវ៉ា នៃខេត្តអង់តារីយ៉ូ Ontario  គឺជា អតីត សកម្មជនធ្លាប់ស្វែងរកជំនួយ និងកម្លាំងគាំទ្រក្រៅប្រទេស ក្នុងការជួយគណបក្សសមរង្ស៊ី។ លោក ប៉ាន់ ផល្លា បានថ្លែងថា កន្លងមកលោកបានជឿនឹងការឃោសនារបស់គណបក្សប្រឆាំងថា កម្ពុជានេះ មិនអាចក្លាយជា ប្រទេសធ្វើដំណើរទៅមុខល្អ ដោយគ្មានលោកសម រង្ស៊ីដឹកនាំនោះទេ ។ លោកបានថ្លែងថា ការឃោសនានៅខាងក្រៅប្រទេសនោះទៀត តែងតែលាបពណ៌រាជរដ្ឋាភិបាលថាជាមនុស្សអាក្រក់ និងការដឹកនាំប្រទេសគ្មាន ការអភិវឌ្ឍន៍ឡើយ… និងចោទថាដឹកនាំកាន់តែក្រទៅៗ ប៉ុន្តែពេលនេះ លោកបាននិយាយថា ការពិត គឺមានការ ខុសគ្នាទាំងស្រុងតែម្តង។ លោកប៉ាន់ ផល្លា បានអំពាវនាវសូមបញ្ឈប់ការលាបពណ៌អាក្រក់ដាក់មកលើជាតិ សាសន៍ខ្លួនឯង។
គណបក្សសង្គ្រោះជាតិ ក្រោយសភាពការវិវត្តន៍ចុងក្រោយនៃនយោបាយអាមេរិក និងការប្រើសម្តីមើលងាយ ដល់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោកដូណាល់ត្រាំ បាននាំអោយមានការរិះគន់និងរងភាពរង្គោះរង្គើផ្ទៃក្នុង ។ ភាពរង្គោះរង្គើនេះ ត្រូវមន្ត្រីក្នុងបក្សបាននិយាយថា បានផ្តើមមកពី លោក សម រង្ស៊ី ដែលគាំទ្រ លោកស្រីហ៊ីល ឡារីគ្លីនតុន បានប្រើសម្តីវាយប្រហារហៅលោកដូណាល់ ត្រាំថាជាមនុស្សផ្តាច់ការ… ប្រើពាក្យប្រមាថលោក ដូណាល់ ត្រាំ ថាមានការអប់រំតិច… និងនិយាយថា លោក ដូណាល់ ត្រាំ គឺ ជាមនុស្សមិនមានចិត្តទូលាយ ដូចអ្នកស្រីគ្លីនតុនទេ… ហើយ លោក សម រង្ស៊ី ថែមទាំងបានចោទថា លោក ដូណាល់ ត្រាំ នេះជាមនុស្ស មានអត្តចរិត ឆេវឆាវ ច្រឡោត និងបង្កគ្រោះថ្នាក់សម្រាប់ពិភពលោកថែមទៀត ។
សម្តីប្រមាថមើលងាយ លោក ដូណាល់ ត្រាំ ដោយ លោក សម រង្ស៊ី បានរងការរិះគន់ពីអ្នកគាំទ្រ ដែលនិយាយថា សម្តីរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងដើរលើផ្លូវខុសមួយ ជាពិសេសបន្ទាប់ពីលទ្ធផលបង្ហាញថា លោកត្រាំ ដែលមេដឹកនាំគណបក្សសង្គ្រោះ ជាតិមើលងាយនោះ បែរជាឈ្នះឆ្នោតក្នុងពេលការបោះឆ្នោតថ្ងៃទី៨ វិច្ឆិកា។ ទូរទស្សនិកជនបទសម្ភាសន៍ របស់ អប្សរាណិតជាមួយនឹងអតីតអនុប្រធានចលនាយុវជនគណបក្សសម រង្ស៊ីប្រចាំ នៅអាមេរិក និងកាណាដា លោក ប៉ាន់ ផល្លា នឹងមានផ្សាយបន្តក្នុងកម្មវិធីលើកក្រោយទៀត ។