គណៈកម្មាធិការជាតិពន្យល់មូលហេតុ នៃការពន្យាមួយថ្ងៃ


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានពន្យល់ជុំវិញមូលហេតុនៃការពន្យាពេលមួយថ្ងៃ និងបានលើក បង្ហាញកត្តាជាឧបសគ្គ និងកង្វះខាតខ្លះនៃដំណាក់កាលចុះឈ្មោះបោះឆ្នោត។ ការពន្យល់និងការបង្ហាញឧបសគ្គ ដែលជួបប្រទះរយៈពេល ៣ខែកន្លងមកនេះ បានធ្វើនៅចំថ្ងៃចុងក្រោយទី៣០ វិច្ឆិកា ដែលធ្វើការបិទបញ្ជីការចុះ ឈ្មោះទូទាំងប្រទេស។ ការបិទនឹងធ្វើរហូតដល់ម៉ោង ១២យប់ថ្ងៃទី៣០ វិច្ឆិកានេះ។
សូមជំរាបថារយៈកាល ៩០ថ្ងៃ នៃការចុះឈ្មោះបោះឆ្នោត និងការថែមមួយថ្ងៃទៀតនេះ គឺនៅទន្ទឹមនឹងសេចក្តីរាយការណ៍បង្ហាញថាស្ថិតិនៃ សម្រង់មនុស្សគ្រប់អាយុពេញវ័យដែលមិនទាន់ចុះឈ្មោះ អាចនៅសេសសល់មនុស្សជាងមួយលាននាក់ទៀត ។
សូមបញ្ជាក់ម្តងទៀតនូវចំនួនអ្នកចុះឈ្មោះគិតត្រឹមរយៈពេល ៩០ថ្ងៃកន្លងមកនេះ គឹក្នុងចំណោមមនុស្សគ្រប់ អាយុជាង ៩លាន ៦សែននាក់ មានមនុស្សបានចុះឈ្មោះ គឺចំនួន ៧លាន ៨សែន ៣ម៉ឺន ២ពាន់ ៧២១នាក់ ដែលស្មើនឹង ៨១កណ្តក់សញ្ញា ០៥ភាគរយ។ ចំនួននេះមិនទាន់គិតដល់ថ្ងៃបន្ថែមមួយថ្ងៃទី៣០ វិច្ឆិកានេះទេ។
គួររំលឹក ថាមុននេះគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលខ្លះ បានស្នើរកការបន្ថែម៣ថ្ងៃដើម្បីការចុះឈ្មោះបោះ ឆ្នោត ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចផ្តល់រយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព និថា បានថ្លែងជុំវិញមូលហេតុនៃការបន្ថែមរយៈពេល មួយថ្ងៃនៅក្នុងការចុះបញ្ជីឈ្មោះនេះ… និងលោកបញ្ជាក់ថាតើខេត្តណាខ្លះដែលមានការយឺតជាងគេនៃការចុះឈ្មោះបោះឆ្នោតនេះ។ យោងតាមសេចក្តីរាយការណ៍ចុងក្រោយ ការពន្យាពេលចុះឈ្មោះបោះឆ្នោតមួយថ្ងៃនៅថ្ងៃទី៣០ វិច្ឆិកានេះ នឹងធ្វើរហូតដល់ម៉ោង ១២យប់ ដោយមិនបញ្ចប់ដូចម៉ោងបិទធម្មតា៥កន្លះល្ងាចឡើយ។
ការចុះឈ្មោះបោះឆ្នោតនេះ គឺជាការត្រៀមលក្ខណៈមួយ ដែលកម្ពុជានឹងត្រូវការបោះឆ្នោតយ៉ាងហោចចំនួន ២ដង នៅក្នុងឆ្នាំ២០១៧ ម្តងដែលជាការបោះឆ្នោតឃុំ និងសង្កាត់ និងនៅក្នុងឆ្នាំ២០១៨ ម្តងទៀតដែលជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាសម្រាប់អាណត្តិថ្មីផងដែរ ។