ទេសរដ្ឋមន្ត្រីវ៉ាគឹមហុង ដែលទទួលខុសត្រូវលើការបោះបង្គោលព្រំដែនកម្ពុជា ជាមួយនឹងប្រទេសជិតខាងបានថ្លែងថា បើទោះបីជារាជរដ្ឋាភិបាលបានស្នើការផ្លាស់ប្តូរការប្រើប្រាស់ផែនទីពីខ្នាត ១លើ១០០ពាន់បោន ទៅផែនទីខ្នាត ១លើ៥០ពាន់ UTM ក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលគ្មានគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីការផ្លាស់ប្តូរនោះទេ ។
ប្រសាសន៍របស់ទេសរដ្ឋមន្ត្រី វ៉ាគឹម ហុង ជុំវិញការមិនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានដកស្រង់ តាមទីភ្នាក់ងារFresh News ដែលបានចុះផ្សាយនៅថ្ងៃទី៣០ វិច្ឆិកានេះ។ ប្រសាសន៍របស់ទេសរដ្ឋមន្ត្រីវ៉ាគឹម ហុង នេះផងដែរ ត្រូវគេឃើញថា គឺជាការឆ្លើយបញ្ជាក់មួយក្រោយសម្តីរបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោដែលចោទ ថាការប្រើផែនទីខ្នាត ១លើ១០០ពាន់បោន ទៅផែនទីខ្នាត ១លើ៥០ពាន់UTM គឺជាអំពើខុសច្បាប់។
សូមជំរាបថា មាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជាបានសរសេរថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាច រំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត មួយលើមួយរយពាន់ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ ឆ្នាំ១៩៦៣ ១៩៦៩។
អ្នកអង្គម្ចាស់ស៊ី សុវត្ថិធម្មិកោ ចោទថា បើធ្វើវិសោធនកម្មមាត្រា២ នៃច្បាប់រដ្ឋធម្មនុញ្ញ មានន័យថាស្មើនឹងការកាត់កោះត្រល់ អោយប្រទេសវៀតណាម។
លោក វ៉ា គឹមហុង ដែលជាប្រធានគណៈកម្មាធិ ការកិច្ចការចម្រុះព្រំដែនកម្ពុជា បានថ្លែងថាគេមិនបានកែរដ្ឋធម្មនុញ្ញ ហើយនៅតែបន្តប្រើប្រាស់ផែនទីផ្លូវការ ១លើមួយរយពាន់នោះជាដដែល ក្នុងការអនុវត្តលើដីជាក់ស្តែង។ លោកបញ្ជាក់ថា ប៉ុន្តែរាជរដ្ឋាភិបាលត្រូវការផែនទី ១លើ៥រយពាន់ UTM ដែលបង្ហាញភាពជាក់លាក់ ហើយសេចក្តីត្រូវការនោះ គឺមិនបានខុសនឹងច្បាប់ទេ។ លោកបញ្ជាក់ថា ផែនទីខ្នាត ១លើ៥រយពាន់ UTM មាននិយាមកា ចំណែកផែនទីខ្នាតមួយលើមួយពាន់មិនមាននិយាមកាឡើយ ។
ទេសរដ្ឋមន្ត្រីវ៉ាគឹមហុង បានបន្ទោសថា ចំណុចរិះគន់ដែលបាននិយាយពីបញ្ហាផែនទីនេះ គឺដោយសារតែ អ្នករិះគន់ទាំងនោះ មិនមានការយល់ដឹងអំពីរឿងផែនទីខ្មែរបានច្បាស់លាស់នោះឡើយ។ ជំហររបស់រាជរដ្ឋាភិ បាលនៃការផ្ទេរផែនទីដើម្បីពង្រីកកាន់តែច្បាស់នោះ បានគាំទ្រដោយប្រធានគណបក្សសង្គ្រោះជាតិ លោក សមរង្ស៊ី ជាមួយនឹងសម្តីបញ្ជាក់ទទួលស្គាល់ថា ការពង្រីកខ្នាតផែនទីពីខ្នាត ១លើ១រយពាន់បោន ទៅខ្នាតមួយលើ ៥០ពាន់ UTM នេះ គឺជាការធ្វើអោយផែនទីកាន់តែច្បាស់ជាង២ដងដោយ គ្មានប្រែប្រួលអ្វីដែលជាលក្ខណៈ មូលដ្ឋាននោះឡើយ។