នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលពិភាក្សារការងារជាមួយ លោក តុង វិនពាវ (Dong Wenbiao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMIG មុននឹងពិធីបើកវេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន នៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ធ្លាប់បានជួបលោក លោក Dong Wenbiao ចំនួន ២ ដងរួចមកហើយ រួមទាំងកំឡុងពេលដែលលោកចុះមកទស្សនៈ កិច្ចនៅកម្ពុជាកាលពីខែ កញ្ញា ឆ្នាំ ២០១៦ កន្លងមកនេះ ហើយបានពិភាក្សាគ្នាជាបន្តបន្ទាប់អំពីការរៀបចំអោយមានវេទិកាធុរកិច្ចកម្ពុជាចិននេះឡើង។ នេះ គឺជាវេទិកាធុរកិច្ចកម្ពុជាចិនលើកទី១ជាប្រវត្តិសាស្រ្តដែលបានរៀបចំឡើងដោយក្រុមហ៊ុន CMIG, LYP Group ដែលសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ព្រមជាមួយការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និង ពីរដ្ឋាភិបាលចិន ដើម្បីបង្ហាញអោយអ្នកវិនិយោគិនចិនយល់ដឹង និងបានឃើញនូវសក្តានុពលទាំងឡាយក្នុងការមកវិនិយោគនៅកម្ពុជាប្រកបដោយភាពកក់ក្តៅ និងជំនឿទុកចិត្ត។
នៅថ្ងៃនេះមានអ្នកធុរកិច្ចនិងសហគ្រាសឯកជនចិនធំៗនិងល្បីឈ្មោះបំផុតមកពីប្រទេសចិនប្រមាណ ជាង ១០០ នាក់។ អ្នកវិនិយោគិនចិនមានជំនឿទុកចិត្ត និងបានទទួលស្គាល់ថាប្រទេសកម្ពុជា និងប្រជាជនកម្ពុជាពិតជាល្អ ហើយពួកគេពិតជាចាប់អារម្មណ៍ក្នុងការមកបណ្តាក់ទុនវិនិយោគនៅ ប្រទេសយើង។ ទន្ទឹមនឹងនេះ ក៏មានអ្នកធុរកិច្ចផ្នែកធានាគារជាច្រើនរូបមកចូលរួមនៅថ្ងៃនេះទៀតផង។
កាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបដល់អ្នកធុរកិច្ចចិនផងដែរអំពីការផ្តល់ទិដ្ឋាការ (VISA) ដល់អ្នកវិនិយោគទុនចិន និងកូរ៉េគឺម្តងបាន ៣ ឆ្នាំ ដែលអាចចេញចូលបានច្រើនដងដោយមិនចាំបាច់សុំមួយលើកៗក្នុងពេលមកកម្ពុជា។
សម្តេចតេជោ នាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ក្រុមធុរកិច្ចចិន និងក្រុមហ៊ុននានា និងក្រសួងពាក់ព័ន្ឋទាំងអស់ដែលបានខិតខំរៀបចំអោយមានវេទិកាធុរកិច្ចកម្ពុជាចិននេះឡើង យើងសង្ឃឹមថានឹងមាន អ្នកវិនិយោគទុនចិនជាច្រើនថែមទៀតមកបណ្តាក់ទុននៅកម្ពុជា៕