នាយករដ្ឋមន្រ្តីវៀតណាម ស្នើសុំសម្តេច ហេង សំរិន ជំរុញទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ឲ្យសម្រេចបាន៥ពាន់លានដុល្លារ


លោក ង្វៀន ស៊ុនហ្វុក (NGUYEN XUAN PHUC) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្នើសុំសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម ឲ្យបានដល់៥ពាន់លានដុល្លារអាមេរិក ដូចការគ្រោងទុករបស់រដ្ឋាភិបាល ប្រទេសទំាងពីរថានឹងសម្រេចឲ្យបាននៅឆ្នាំ២០២០នោះ។

លោកនាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះ នៅក្នុងឱកាសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋាភិបាល នាទីក្រុងហាណូយ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

លោក ង្វៀន ស៊ុនហ្វុក ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភានៅក្នុងប្រទេសវៀតណាម ជាឱកាសល្អចំពេលដែលសេដ្ឋកិច្ចប្រទេសទំាងពីរមានការរីកចម្រើនដូចគ្នា។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី សម្តែងក្តីរីករាយ ដែលបានឃើញទំនាក់ទំនងរវាងរដ្ឋសភាប្រទេសទំាងពីរមានកិច្ចសហប្រតិបត្តិល្អ រឹងមាំរីកចម្រើនឥតឈប់ឈរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចមកប្រទេសវៀតណាម នាពេលនេះរបស់សម្តេច និងគណៈប្រតិភូ គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់រដ្ឋសភានីតិកាលទី៦ ដែលជានីតិកាលថ្មី កើតចេញពីការបោះឆ្នោតសកលកាលពីពាក់កណ្តាលឆ្នាំ២០១៨។

ដំណើរទស្សនកិច្ចតាមការអញ្ជើញរបស់លោកស្រី ង្វៀន ធីគីមងិន ប្រធានរដ្ឋសភាវៀតណាម ទទួលបានផ្លែផ្កាជាច្រើន ក្នុងការរួមចំណែកបន្តរឹតបន្តឹងទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាងប្រទេសទំាងពីរកម្ពុជា-វៀតណាម។ ជាពិសេស សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទំាងពីរ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្តេចបានជម្រាបលោកនាយករដ្ឋមន្រ្តីថា ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋសភាទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបន្តពង្រឹងពង្រីក លើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ជាពិសេសការលើកកម្ពស់យេនឌ័រ និងសភាវ័យក្មេង ព្រមទាំងកម្រិតបច្ចេទេសនៃអគ្គលេខាធិការដ្ឋានទាំងពីរ។ រដ្ឋសភាទាំងពីរ ជានិច្ចជាកាលតែងបានសហការនិងគាំទ្រគ្នា ទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្តីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការងារបោះបង្គោលព្រំដែន រវាងប្រទេសទំាងពីរសម្រេចប្រមាណ ៨៤% ដើម្បីប្រែក្លាយជាព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីទុកជាមរតកដល់អ្នកជំនាន់ក្រោយ។

សូមបញ្ជាក់ថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បាននិងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។

នៅរសៀលថ្ងៃទី២៩ឧសភានេះ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូបានជួបសវនាការជាមួយលោក ជិន ថាញ់មិន (TRAN THANH MAN) ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមផងដែរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិរវាងអង្គការមហាជនប្រទេសទំាងពីរកម្ពុជា-វៀតណាម ឲ្យមានការរីកចម្រើន និងគ្រប់ជ្រុងបន្ថែមទៀត។

នៅក្នុងជំនួបសវនាការនេះ ភាគីទំាងពីរក៏បានលើកឡើងពីគម្រោងរៀបចំសន្និបាតរណសិរ្សប្រទេសកម្ពុជា វៀតណាម ឡាវ នៅកម្ពុជាក្នុងឆ្នាំ២០២០ ខាងមុខនេះផងដែរ៕