សម្ដេចតេជោគ្រោងនឹងធ្វើទស្សនកិច្ចជាលក្ខណៈឯកជនទៅកាន់ប្រទេសជប៉ុន នាឆ្នាំក្រោយ


ភ្នំពេញ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញធ្វើទស្សនកិច្ចជាលក្ខណៈឯកជន ទៅកាន់ប្រទេស ជប៉ុន នៅឆ្នាំក្រោយ ដោយធ្វើដំណើរតាមជើងយន្តហោះរបស់ក្រុមហ៊ុន ANA ដែលកំពុងហោះហើរត្រង់ ពីជប៉ុនមកកាន់កម្ពុជានោះ។
ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្ដម Hidehisa Horinuchi ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសជប៉ុន ប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរចំពោះ លោក Hidehisa Horinouchi ដែលបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មីជប៉ុនប្រចាំកម្ពុជា។
នៅក្នុងជំនួបនេះដែរ ឯកឧត្ដម Hidehisa Horinouchi បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជាពិសេស ការអនុវត្តលទ្ធិប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តមបានបញ្ជាក់ថា ប្រទេសជប៉ុនបានចាត់ទុកកម្ពុជា ជាប្រទេសដៃគូរជាយុទ្ធសាស្ត្រ ដ៏សំខាន់។
ឯកឧត្ដម ឯកអគ្គរដ្ឋទូតថ្មីក៏បានសំណូមពរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា បន្តសហការ គាំទ្រចំពោះបេសកកម្មការទូតរបស់ឯកឧត្ដមនៅកម្ពុជា។
ឯកឧត្ដមឯកអគ្គរាជទូតជប៉ុនថ្មី ក៏បានប្រាប់អំពីគម្រោងរៀបចំអញ្ជើញ ឯកឧត្តម ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននាពេលខាងមុខនេះផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្ដមអគ្គរដ្ឋទូតជប៉ុន បានមានប្រសាសន៍ជម្រាប សម្តេចតេជោថា ប្រទេសជប៉ុន រីករាយស្វាគមន៍ នឹងទទួលរៀបចំកម្មវិធីពិសេសចំពោះការអញ្ជើញទៅបំពេញទស្សនៈកិច្ចជាឯកជនរបស់ សម្តេចតេជោ និងក្រុមគ្រួសារនៅប្រទេសជប៉ុនក្នុងពេលឆាប់ៗខាងមុខនេះទៀតផង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកច្រកម្ពុជា បានថ្លែងអំណរ គុណដល់រដ្ឋាភិបាលជប៉ុន ដែលបានត្រៀមទទួល សម្តេចនិងកូនប្រុស នៅក្នុងដំណើរទស្សនកិច្ច ក្រៅផ្លូវការនៅពេលខាងមុខនេះ។
សម្តេចតេជោ បានអរគុណ ដល់រដ្ឋាភិបាលជប៉ុនដែលបានជួយដល់កំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា រួមទាំងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ និងការបោះឆ្នោតនៅពេលខាងមុខនេះ។
សម្តេចតេជោ ក៏បានជំរាបជូនឯកអគ្គរដ្ឋទូតជប៉ុនថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ សម្តេចនឹងអញ្ជើញទៅចូលរួមប្រារព្ធខួប៥ឆ្នាំនៃ ក្រុមហ៊ុនមីនីបៀរ របស់ជប៉ុនដែល បានបណ្តាក់ទុន បង្កើតរោងចក្រផលិតម៉ូទ័រដ៏ធំមួយនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានអរគុណមិត្តជប៉ុនដែលបានយកចិត្តទុកដាក់ជួយដល់កម្ពុជា និងបានផ្តាំផ្ញើសួរសុខទុក្ខ ចំពោះលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ(Shinzō Abe) ផងដែរ៕