ស្វាយរៀង ៖ លោកជំទាវឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជានកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលផែនការអនុវត្តការងាររបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ប្រចាំខែវិច្ឆិកា និងលើកទិសដៅភារកិច្ចសម្រាប់អនុវត្តខែបន្ត សម្ភោធសមិទ្ធិផលនៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា និងប្រគល់សេចក្តីសម្រេចស្តីពីការតែងតាំងមន្ត្រីគណបក្សចំនួន ០២រូប ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ។
នាឱកាសនោះលោកជំទាវក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានរួមគ្នា ការអនុវត្តនូវនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះសម្រាប់ឲ្យអនុវត្ត រួមមាន បញ្ហាសុខសន្តិភាព បញ្ហាស្ថេរភាពនយោបាយ ដោយបានរួមគ្នា ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍន៍តាមមូលដ្ឋាន រួមទាំងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោយភាពកក់ក្តៅ ទំនុកចិត្ត និងមានការជឿជាក់ មកលើការដឹកនាំរបស់យើងគ្រប់ជាន់ថ្នាក់ ជាពិសេស បញ្ហាភូមិ-ឃុំមានសុវត្ថិភាព ។
ជាពិសេស នាពេលនេះគឺស្នាក់ការគណបក្សប្រជាជនខេត្តស្វាយរៀងទទួលបាននូវការជួសជុលសាលប្រជុំចំនួន ២ និងបន្ទប់ទទួលភ្ញៀវ ១ ចាក់សាបទីធ្លា បន្ទប់ទឹក លាបថ្នាំអគារទាំងមូល និងផ្ទះសម្រាប់អ្នកការពារ ដែលបានមកពីការបរិច្ចាកនូវថវិកាចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសប្បុរសជនទាំងអស់គ្នារួមគ្នាកសាងនូវសមិទ្ធិផលទាំងនេះ។
លោកជំទាវបានសំណូរពរឲ្យមានកិច្ចប្រជុំប្រចាំខែនេះ គឺត្រូវធ្វើឲ្យបានទៀងទាត់ ហើយត្រូវពន្លឿននូវការកសាងបក្ស និងការគ្រប់គ្រងសមាជិកបក្សឲ្យបានល្អ ។ រីឯកឧត្តម លោកជំទាវ លោក លោកស្រីដែលបានចុះពង្រឹងតាមមូលដ្ឋាន គឺត្រូវយកចិត្តទុកដាក់ និងពិនិត្យមើលអំពីការលំបាក ការសំណូមពររបស់ពួកគាត់ និងរិះរកវិធីសម្រាប់ដោះស្រាយជូនគាត់ឲ្យបានឆាប់រហ័ស ហើយត្រូវផ្សព្វផ្សាយអំពីសមិទ្ធិផលនានាដែលគណបក្សបានសម្រេចបាន។