រដ្ឋមន្ត្រីពាណិជ្ជកម្ម៖«កម្ពុជាកំពុងប្រែក្លាយឧស្សាហកម្មដែលប្រើប្រាស់កម្លាំងទៅជាឧស្សាហកម្មដែលប្រើប្រាស់ជំនាញ»


ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា «ចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា គឺធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្ម ពីការប្រើប្រាស់កម្លាំងអតិពលកម្ម ទៅជាកម្លាំងពលកម្មដែលមានជំនាញខ្ពស់នៅឆ្នាំ ២០២៥ ដើម្បីតភ្ជាប់ចង្វាក់តម្លៃ និងធ្វើសមាហរណកម្មបណ្តាញផលិតកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងពិភពលោក»។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសធ្វើជាអធិបតីនៅក្នុងពិធីបើកសិក្ខាពិគ្រោះយោបល់ស្តីពីការជំរុញអនុវត្តន៍គោលនយោបាយលើកកម្ពស់ផលិតកម្ម និងប្រើប្រាស់ផលិតផលក្នុងស្រុក, ការកសាងតម្លៃបន្ថែមលើផលិតផលក្នុងឧស្សាហកម្មទេសចរណ៍ និងការបង្កើនប្រសិទ្ធភាពខ្សែចង្វាក់តម្លៃម្រេចកម្ពុជាធ្វើនៅឯសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ដែលមានការចូលរួមពីមន្ត្រីរាជការ, ផលិតករ, ពាណិជ្ជករ និងតំណាងដៃគូអភិវឌ្ឍន៍ប្រមាណជាង ៦០នាក់។
នៅក្នុងសិក្ខាសាលា ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសដៃគូសេដ្ឋកិច្ចដូចជាសហគមន៍អឺរ៉ុប, ចិន, និងសហរដ្ឋអាមេរិក ដើម្បីធ្វើពិពិធកម្មការនាំចេញរបស់កម្ពុជា ក្រោមកម្មវិធីអនុគ្រោះពន្ធផ្សេងៗ (EBA, RCEP, និង GSP) ដែលជាលទ្ធផលកម្ពុជាអាចសម្រេចកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧%រៀងរាល់ឆ្នាំ ក្នុងមួយទសវត្សចុងក្រោយ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា «កម្ពុជាដែលពិភពលោកតែងឮថាជាប្រទេសញាំញីដោយសារសង្គ្រាមច្រើនទសវត្ស និងពោរពេញដោយភាពក្រីក្រ ឥឡូវបានប្រែក្លាយជាកូនខ្លាសេដ្ឋកិច្ចមួយនៅក្នុងតំបន់»
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា សិក្ខាសាលាពិគ្រោះយោបល់ថ្ងៃនេះ គឺជាមធ្យោបាយដ៏ល្អមួយក្នុងការផ្លាស់ប្តូរយោបល់ ដើម្បីអភិវឌ្ឍន៍ផលិតផល និងសេវាកម្មក្នុងស្រុក និងជាការផ្តល់មគ្គុទេសក៏ថ្មីសម្រាប់ផលិតករកម្ពុជា ធ្វើការពង្រឹងចង្វាក់ផលិតកម្ម និងគុណភាពទំនិញស្របតាមស្តង់ដារបច្ចេកទេស ដើម្បីប្រកួតប្រជែងទំនិញនាំចូល។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរដល់បងប្អូនអាជីវករ, ពាណិជ្ជករ និងប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ ជួយគាំទ្រផលិតផលខ្មែរជាអតិបិរមា ដើម្បីផ្តល់ឱកាស និងកម្លាំងចិត្តជូនផលិតករ និងប្រជាកសិករខ្មែរ ប្រឹងប្រែងកែលម្អគុណភាពផលិតផល និងសេវាកម្មកាន់តែប្រសើរ។
យោងតាមទិន្ន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានកំណើនគួរជាទីមោទនៈចាប់តាំងពីឆ្នាំ ២០០៥ គឺពីទំហំទឹកប្រាក់ ៦,៨២៨លានដុល្លារ ដល់ ៩,៦៨១លានដុល្លារ នៅក្នុងឆ្នាំ ២០១០ និងបានបន្តកើនឡើងដល់ ១៩,២១១លានដុល្លារ កាលពីឆ្នាំ ២០១៥ កន្លងទៅនេះ៕

15220006_1361183663923749_6362219751770009473_n

15220022_1361183897257059_8227725508293186254_n

15317789_1361184213923694_3869845196158697527_n

15337539_1361184187257030_369922987222482120_n

15220175_1361184193923696_3202352085334494115_n

15326590_1361183773923738_3906969705822272945_n

15349789_1361183973923718_1527759425440710924_n

15337555_1361184060590376_1440805760061624661_n

15349558_1361183667257082_5973615239074539725_n

15349572_1361183830590399_8884970185048412685_n