សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក បានបន្តប្រារព្វពិធីបុណ្យខួបលើកទី៣៧ នៃថ្ងៃជ័យជំនះ ៧មករា បើទោះបីជាហួសថ្ងៃ ៧មករា ឆ្នាំ ២០១៦ ទៅហើយក្តី ។ ការប្រារព្ធកាលពីថ្ងៃទី៩ មករា កន្លងមកនេះ បានធ្វើនៅក្នុងក្រុងហ្វីឡាដែលហ្វីយ៉ា រដ្ឋផិនស៊ីលវ៉េនីញ៉ា ដោយមានអ្នកចូលរួមជាង ៣៥០នាក់ ។
ក្រុងហ្វីឡាដែលហ្វីយ៉ា គឺជាសហគមន៍ខ្មែរធំទី៣ បន្ទាប់ពីក្រុងឡងប៊ិច… និងក្រុងឡូវ៉ែល ។ ឯកអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិក ឯកឧត្តម ជុំ ប៊ុនរ៉ុង បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាប្រារព្ធ ៧មករា ក្នុងក្រុងហ្វីឡាដែលហ្វីយ៉ា ។
ពិធីប្រារព្ធទិវា ៧មករា នៅក្នុងក្រុងហ្វីឡាដែលហ្វីយ៉ា ដោយក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ដោយអ្នកគាំទ្របានច្រៀងនូវចំរៀងពង្សាវតាខ្មែរ ដែលរំលឹកពីសាមគ្គីភាព… ការបង្រួបបង្រួមជាតិរវាងធ្លុងខ្មែរតែមួយ ។ ពិធីប្រារព្ធទិវា ៧មករា ក្នុងក្រុងហ្វីឡាដែលហ្វីយ៉ា បានធ្វើក្នុងភោជនីយដ្ឋានកណ្តាលក្រុងមួយ ឈ្មោះ Saigon Maxim ។
នេះគឺជាការប្រារព្ធទិវា ៧មករា លើកទី២ ហើយ ដោយសហគមន៍ខ្មែរក្នុងទឹកដីសហរដ្ឋអាមេរិក ។ កាលពីចុងសប្តាហ៍នេះផងដែរ សហគមន៍ខ្មែរក្រុងឡូវ៉ែល រដ្ឋម៉ាសាឈូសិត ដែលមានមនុស្សចូលរួមប្រមាណ ៤០០នាក់ បានធ្វើពិធីនេះ ដោយមានទាំងអតីតសមាជិកគណបក្សសង្គ្រោះជាតិ ចូលរួមថែមទៀត ។
ស្មារតីនៃទិវា ៧មករា នៅក្រៅប្រទេស ត្រូវគេឃើញថា បានទទួលស្គាល់ពីសាធារណជនជាច្រើនដែលនិយាយថា ជាទិវាជួយរំដោះជីវិតប្រជាជនខ្មែរ អោយរួចចាកផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម… ប៉ុន្តែក៏មានអ្នកនយោបាយប្រឆាំងខ្លះ ដែលចោទថាទិវា ៧មករា គឺជាការនាំទាហានវៀតណាម ចូលលុកលុយកម្ពុជាផងដែរ ។