នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព


(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី តំណាងរាស្រ្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បាន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យ ដែលមានចូលរួមជាសមាជិកក្រុមការងារ ថ្នាក់ជាតិចុះខេត្ត ក្រុង ស្រុក មន្រ្តីរាជការ និស្សិត និងកងកម្លាំងគ្រប់ប្រភេទជាង ៣០០នាក់ នៅសាលាខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនចំពោះលោក លោកស្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តទៀតថា ក្រោយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឆ្នាំ២០១៨កន្លងមក រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពផ្តោតការយកចិត្តទុកដាក់លើ វិស័យអាទិភាព៤ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកស្ទួយវិស័យឯកជន ការងារ និងការអភិវឌ្ឍប្រកបដោយចិរភាព និងបរិយាប័ន្ន ក្នុងនោះបានតម្កល់ មនុស្ស ជាអាទិភាពទី១ នៅលើគេ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ជំនាញ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៃខេត្តបន្ទាយមានជ័យទាំងមូល ដែលបានខិតខំរួមគ្នាសម្រេចបាននូសមិទ្ធិផលធំៗ លើគ្រប់វិស័យទូទាំងខេត្ត រួមចំណែកថែរក្សាសន្តិភាព ស្ថេរភាព នយោបាយ ការពារបាននូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខ សុវត្ថិភាពសង្គម និងខិតខំជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបន្តសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ៧.៥% កាត់បន្ថយបាននូវភាពក្រីក្រធ្លាក់មកត្រឹម ៩% និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាប័ន្នជាបន្ថែមទៀត។

ក្នុងឱកាសនោះផងដែរ ក្រោយបញ្ចប់ពិធីប្រកាសក្រុមការងារថ្នាក់ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យរួចមក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានដឹកនាំហូបនំបញ្ចុកសាមគ្គី និងឯកភាពជាតិយ៉ាងសប្បាយរីករាយស្និទស្នាល។

សូមបញ្ជាក់ថា តាមរបាយការណ៍ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា មានប្រជាពលរដ្ឋចូលរួមហូបនំបញ្ចុកសាមគ្គី និងឯកភាពជាតិបានចំនួន ៨៦៨៦៦នាក់៕