អភិបាលខេត្តព្រះវិហារ ជំរុញឱ្យគ្រូពេទ្យ ត្រូវផ្តល់សេវាសុខភាព ដោយគ្មានការរើសអើងប្រកបដោយសមភាព និងគុណភាព


(ព្រះវិហារ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានជំរុញណែនាំដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ត្រូវរៀបចំឱ្យមានមន្ត្រីទទួលបន្ទុកនៅមន្ទីរពេទ្យ ឫក៏មណ្ឌលសុខភាព ឱ្យបានច្បាស់លាស់ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកូនមានអាយុក្រោម ២ឆ្នាំនៃគ្រួសារ ដែលមានបណ្ណសមធម៍ ឫបណ្ណអាទិភាព ប្រកបដោយស្មារតីទទួលខុសត្រូវ ហើយត្រូវផ្តល់សេវាសុខភាពដោយគ្មានការរើសអើង ប្រកបដោយសមភាព សមធម៍ និងប្រកបដោយគុណភាព។

 ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងជំរុញយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកូនមានអាយុក្រោម ២ឆ្នាំនៃគ្រួសារដែលមានបណ្ណសមធម៍ ឫបណ្ណអាទិភាព នៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ។

 ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា សូមរៀបចំពេទ្យឱ្យមានតាមទីកន្លែង កុំឱ្យយើងកំណត់កម្មវិធីឱ្យបងប្អូនប្រជាពលរដ្ឋយើង មកទទួលសេវាសុខភាពហើយ ពេលដែលមកហើយពេទ្យអត់មានពេទ្យនៅឱ្យសោះ ហើយសូមរៀបចំឱ្យស្របតាមការណាត់ តាមកម្មវិធីដែលបានដាក់ចេញ ហើយបងប្អូនយើងក៏កុំបារម្ភថា ក្រែងមកមិនជួបពេទ្យនាំឱ្យខាតពេលវេលានោះ។

 ឯកឧត្តមបន្ថែមថា ការផ្តល់សេវាសុខភាពត្រូវធ្វើឡើងដោយគ្មានការរើសអើង ប្រកបដោយភាតរៈភាព សមភាព សមធម៍ និងប្រកបដោយគុណភាព ហើយការផ្តល់សេវាសុខភាព គឺគ្មានការរើសអើងទេ ជាតិសាសន៍ណាក៍ដោយឱ្យតែមានបញ្ហាចូលក្នុងចង្កោមអាទិភាពទាំងនេះ គឺមកទទួលសេវាបានគ្រប់គ្នា ស្មើគ្នាអត់មានលំអៀងទេ ហើយក៏មិនប្រកាន់និន្នាការគណបក្សនយោបាយដែរ។ នៅគណបក្សណាក៏ដោយ មានបញ្ហាគឺត្រូវមកទទួលសេវា ហើយសេវានេះ គឺមិនមានការរើសអើង ឫប្រកាន់ពណ៍សំបុរទេ។

អភិបាលខេត្តព្រះវិហារ ក៏បានណែនាំឱ្យមានក្រុមត្រួតពិនិត្យ តាមដាន វាយតម្លៃ និងសម្របសម្រួល នៅតាមមូលដ្ឋានសុខាភិបាលឱ្យបានច្បាស់លាស់ និងជាប្រចាំ ហើយបន្ទាប់ពីការផ្សព្វផ្សាយការរៀបចំក្រុមគ្រូពេទ្យហើយ យើងចាំបាច់ត្រូវតែមានក្រុមត្រួតពិនិត្យមួយទៀត ហើយក្រុមត្រួតពិនិត្យនេះ ត្រូវមើលលើបញ្ហា២ចំណុច ទី១៖ ត្រូវមើលលើក្រុមគ្រូពេទ្យរបស់យើង តើគាត់បានផ្តល់សេវាត្រឹមត្រូវដែរឫទេ ដូចអ្វីដែលបងប្អូនប្រជាពលរដ្ឋចង់បានដែរឫទេ? ទី២៖ គឺមើលទៅលើអាជ្ញាធរភូមិឃុំរបស់យើង តើភូមិឃុំរបស់យើងបានទទួលព័ត៍មានត្រឡប់មកវិញ ពីសមាជិកម្នាក់ៗ តើការទទួលសេវានោះយ៉ាងមេច?

 ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមទៀតថា ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ នូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនមានអាយុក្រោម២ឆ្នាំ នៃគ្រួសារមានបណ្ណសមធម៍ ឫបណ្ណអាទិភាពនេះ សូមមន្ត្រីសុខាភិបាលរបស់យើង ក៍ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមថ្ងៃនេះ ពេលត្រឡប់ទៅផ្ទះវិញ សូមផ្សព្វផ្សាយបន្តជូនបងប្អូន ក្រុមគ្រួសារដ៏ទៀតឱ្យគាត់បានយល់ជ្រួតជ្រាបផង ដើម្បីឱ្យគាត់បានទទួលសេវានេះដែរ៕