ឯកឧត្តម លឹម គានហោ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសន្និសីទអន្តរជាតិលើកទី ១៣


ព្រឹកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៦ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសន្និសីទអន្តរជាតិលើកទី ១៣ និងកិច្ចប្រជុំគណៈកម្មាធិការ នៃបណ្តាញអន្តរជាតិ ស្តីពី ទឹក និងប្រព័ន្ធអេកូឡូស៊ីក្នុងស្រែ (The 13th International Symposium and Steering Committee Meeting of International Network for Water and Eco System in Paddy Fields) នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។ សូមបញ្ជាក់ជូនថា គណៈកម្មាធិការ នៃបណ្តាញអន្តរជាតិ ស្តីពី ទឹក និងប្រព័ន្ធអេកូឡូស៊ីក្នុងស្រែ (INWEPF) មានប្រទេសជាសមាជិកចំនួន ១៧ រួមមាន៖ កម្ពុជា បង់ក្លាដេស ចិន អេហ្សុីប ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្គការ ថៃ និងវៀតណាម ។
ថ្លែងនៅក្នុងពិធីបើកសន្និសីទ និងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពីបណ្តាប្រទេសជាសមាជិកគណៈកម្មាធិការ INWEPF ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិ និងវិទ្យាស្ថានសិក្សាស្រាវជ្រាវនានា ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈម និងការព្រួយបារម្ភជាសកល ។ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ពិសេសប្រជាកសិករ ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា កម្ពុជា មានសក្តានុពលទឹក ទាំងទឹកលើដី និងទឹកក្រោមដី ។ សម្រាប់ទឹកលើដី កម្ពុជាទទួលរបបទឹកទន្លេមេគង្គមួយផ្នែក និងមួយផ្នែកទៀត ជាសក្តានុពលទឹកនៅក្នុងប្រទេស ដែលបានមកពីបឹងទន្លេសាប និងបណ្តាស្ទឺង ទន្លេសំខាន់ៗដ៏ទៃទៀត ។ ក្នុងពេលបច្ចុប្បន្ន សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា បានពឹងផ្អែកមួយផ្នែកធំទៅលើវិស័យកសិកម្ម ហើយដំណាំស្រូវបានដើរតួនាទីស្នូល ទាំងក្នុងផ្នែកកំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ។ ស្ថិតនៅក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាល ដោយមានការឧបត្ថម្ភគាំទ្រពីប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍នានា បានយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ។ ការពង្រីកសក្តានុពលប្រព័ន្ធធារាសាស្ត្រតូច មធ្យម ធំ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីជួយដល់កសិករ ។ តាមរយៈនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គិតត្រឹមដំណាច់ឆ្នាំ ២០១៥ កន្លងទៅ សក្តានុពលនៃប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា បានគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផលជាង ៥០% ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាល បាន និងកំពុងបន្តយកចិត្តទុកដាក់សាងសង់ និងអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីពង្រីកសក្តានុពលទឹកឱ្យគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផលទូទាំងប្រទេសផង និងក៏ជាការឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលអាកាសធាតុផង ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ប្រទេស និងដៃគូអភិវឌ្ឍន៍នានា ដូចជា ចិន, JICA, KOICA, ADB, AFD, IMF, AUSAID, WB និងប្រទេសឥណ្ឌា ដែលបានជួយឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងថវិកា ដល់ការអភិវឌ្ឍ និងគ្រប់គ្រងទឹកនៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ដៃគូអភិវឌ្ឍន៍ទាំងអស់ នឹងនៅតែបន្តសហការ និងឧបត្ថម្ភគាំទ្រដល់ក្រសួងធនធានទឹក និងឧតុនិយម បន្ថែមទៀត ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លៃងអំណរគុណផងដែរ ដល់ភាគីជប៉ុន និងលេខាធិការដ្ឋានអាស៊ាន ដែលបានឧបត្ថម្ភថវិកា ដល់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីរៀបចំសន្និសីទដ៏មានសារសំខាន់នេះ ។ ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា តាមរយៈបទបង្ហាញរបស់វាគ្មិននានា អង្គសន្និសីទនឹងទទួលបាននូវបទពិសោធន៍ បញ្ហាប្រឈមនានាដែលបាន និងកំពុងកើតមានឡើង និងវិធីសាស្ត្រ មធ្យោបាយ នៅក្នុងការទប់ទល់ ។ ដូចនេះ ដើម្បីឱ្យអង្គសន្និសីទអន្តរជាតិនេះ ទទួលបានផ្លែផ្កា អត្ថន័យ និងខ្លឹមសារកាន់តែស៊ីជម្រៅបន្ថែមទៀត ការប្រឈម បទពិសោធន៍ ឬក៏វិធីសាស្ត្រនៅក្នុងការទប់ទល់នានា គួរតែត្រូវបានយកទៅអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង ៕
15267899_1366983603343755_1431622970424773531_n
15267774_1366983580010424_8841417027987021244_n
15380806_1366983673343748_5511733676688050575_n
15391043_1366983683343747_7718348892683318713_n
15391100_1366983576677091_8925965839243458825_n
15401021_1366983686677080_4088542598153208354_n