ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦– ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់យុវជន សិស្ស និស្សិតកំពុងឆើ្លយតបទៅនឹង តម្រូវការទីផ្សារការងារក្នុងស្រុក និងក្នុងតំបន់ ខណៈកម្ពុជាកំពុងពង្រីក ការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកវិទ្យានៅគ្រប់កម្រិត។
ក្នុងពិធីប្រគល់សញ្ញាបត្រ បញ្ចប់ការសិក្សាដល់និស្សិតថ្នាក់បរិញ្ញបត្របច្ចេកវិទ្យា និងបច្ចេសជាន់ខ្ពស់ ជំនាន់ទី១ដល់ជំនាន់ទី៨នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ បណ្ដុះបណ្ដាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គឺជាមុខវិជ្ជាមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គម។
ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះ ធនធាននិសិ្សតដែលបាន បញ្ចប់ការសិក្សានៅតាម សកលវិទ្យាល័យក្នុងមួយឆ្នាំៗមានរាប់ម៉ឺននាក់ ប៉ុន្ដែស្ថិតក្នុងស្ថានភាពជាក់ស្ដែងក្នុងពេលនេះ ការ ផ្ដល់នូវជំនាញ បច្ចេកទេសដល់យុវជន និស្សិតកម្ពុជា ដើម្បីពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈក្នុងការ ឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារគ្រប់កម្រិត។
ឯកឧត្តមបានអះអាងថា ចាប់ពីពេលនេះទៅនិស្សិតកម្ពុជា ពិតជាមានសមត្ថភាព ហើយក្នុងការ ផលិតគ្រឿងបច្ចេកទេសដូចជាយន្ដហោះ ផលិតLCD, LED ហើយនាពេលខាងមុខ នឹងឈានទៅ
ផលិតឧបករណ៍បច្ចេកទេស កាន់តែទំនើបៗ ថែមទៀតនៅក្នុងប្រទេសកម្ពុជាដោយស្នាដៃកូនខ្មែរ។
ឯកឧត្តមបានបន្ដថា រាជរដ្ឋាភិបាល នឹងបន្ដខិតខំពង្រឹងការបណ្ដុះបណ្ដាល ធនធានមនុស្ស និង គុណភាពបន្ថែមទៀត ពិសេសក្នុងវិស័យមួយចំនួនដែលជាយុទ្ធ សាស្រ្ដសន្ដិសុខជាតិ ដូចជាវិស័យការ ពារជាតិ សន្ដិសុខជាតិ ត្រូវពឹងផ្អែកទៅលើជំនាញផ្ទៃក្នុងរបស់ជាតិដែលចាំបាច់ ហើយមិនអាចពឹងពាក់ ទៅលើប្រទេសណាមួយឱ្យជួយគ្រប់គ្រងប្រព័ន្ធសន្ដិសុខរបស់ជាតិបានទេ ត្រូវឈានទៅរកម្ចាស់ការ ដោយខ្លួនឯង។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការគ្រប់គ្រង និងឈានទៅម្ចាស់ការ ដោយខ្លួនឯង ត្រូវពឹងផ្អែកទៅលើធនធាន និស្សិត និងប្រជាពលរដ្ឋដែលមានសមត្ថភាព ហើយកម្ពុជា អាចនឹងធានាបានការគ្រប់គ្រងដោយខ្លួនឯង លើគ្រប់វិស័យ។
ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានបញ្ជាក់ថា រហូតមក ដល់ ពេលនេះ វិទ្យាស្ថានបាននិងកំពុងបណ្ដុះបណ្ដាលសិស្ស និស្សិតជំនាន់ទី១២ ហើយកម្មវិធីសិក្សា ជាទូទៅ ផ្ដោតលើការអនុវត្ដជាក់ស្ដែង និងឈរលើគោលគំនិតបណ្ដុះបណ្ដាលនូវធនធានបច្ចេកទេសគ្រប់កម្រិត ដែលប្រកបដោយចំណេះដឹង និងសមត្ថភាព វិជ្ជាជីវៈច្បាស់លាស់។
សូមបញ្ជាក់ថា សិស្ស និស្សិតដែលទទួលបានសញ្ញាបត្រ ចាប់ជំនាន់ទី១ ដល់ជំនាន់ទី៨ ដែល មានចំនួនសរុប៣១១៣នាក់ ស្រី១៩៨នាក់ ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា១៧៤៣នាក់ ស្រី១៤០នាក់ ថ្នាក់បច្ចេកទេសជាន់ខ្ពស់១៣៤៣ នាក់ និងវិញ្ញាបនបត្រ បច្ចេកទេសចំនួន២៧នាក់៕