ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១១:១៥ នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសួរសុខទុក្ខ មន្ត្រីនគរបាលប៉ុស្តិ៍ និងអាជ្ញាធរសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បន្ទាប់ពីបានស្តាប់លោក វ៉ា សារិន ចៅសង្កាត់រងទី២ សង្កាត់ក្រាំងធ្នង់ និងមន្ត្រីនគរបាលប៉ុស្តិ៍ ជំរាបជូនសភាពការណ៍ការងារ បំរើសេវាសាធារណៈការងារ សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេសការងារចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ ដែលទើបត្រូវបានបញ្ចប់កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចភក្តី បានលើកសសើរអំពីការយកចិត្តទុកដាក់ បំពេញការងារបម្រើប្រជាពលរដ្ឋ របស់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីមូលដ្ឋានទាំងអស់ក្នុងសង្កាត់ក្រាំងធ្នង់។
សម្តេចប្រធានព្រឹទ្ធសភា បានជំរាបជូនដែរថា៖ កន្លងមកសម្តេចតែងតែតាមដានរបាយការណ៍ប្រចាំថ្ងៃ ពីសកម្មភាពការងាររបស់ខណ្ឌ-សង្កាត់ ក្នុងទូទាំងរាជធានីភ្នំពេញជាប្រចាំហើយសម្តេចមានការចាប់អារម្មណ៍ ចំពោះសង្កាត់ក្រាំងធ្នង់ដែលអនុវត្តល្អ ការងារចលនាប្រជាជនទៅ ចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ បានលើសផែនការហូតជាងមួយពាន់នាក់ ហើយការងារផ្តល់អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ជូនប្រជាជនបានជិតគ្រប់ចំនួនផងដែរ។ សម្តេច បន្តមានប្រសាសន៍ទៀតថា៖ចំពោះការងារបំរើសេវាសាធារណៈ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងនាមអាជ្ញាធរមូលដ្ឋាន ត្រូវបន្ត និងខិតខំដោះស្រាយឲ្យបានកាន់តែល្អជាងនេះទៅទៀត និងធ្វើយ៉ាងណាឲ្យប្រជាជនយើងមានភាពសុខសាន្ត ដើម្បីសង្គមទាំងមូលក៏មានភាពសុខដុមដែរ។ អាជ្ញាធរមានភារកិច្ចប្រមូលផ្តុំ អប់រំប្រជាពលរដ្ឋឲ្យចូលរួម និងសាមគ្គីគ្នា អនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពឲ្យកាន់តែល្អ៕