ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងស្ទឹងត្រែង អាណត្តិទី៣


នារសៀលថ្ងៃចន្ទ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងស្ទឹងត្រែង តាមអនុក្រិត្យរបស់រាជរដ្ឋាភិបាលលេខ៧៣៦ អនក្រ.តត ស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងស្ទឹងត្រែង ក្នុងអាណត្តិទី៣ មានចំនួន១៥រូប។ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខេត្ត គណៈអភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាព ក្រុមប្រឹក្សាឃុំ មេឃុំ ចៅសង្កាត់ មន្ត្រីរាជការសរុបប្រមាណ១៨០នាក់។

លោក លឺ ទិត ដែលត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាក្រុងស្ទឹងត្រែង អាណត្តិទី៣ បានមានមតិប្ដេជ្ញាចិត្តថា បន្តនិរន្តភាពការងារពីក្រុមប្រឹក្សាអាណត្តិទី២ រយៈពេល ៥ឆ្នាំ បន្តខិតខំប្រឹងប្រែងធ្វើសកម្មភាព បំពេញតួនាទី ភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ មានគណនេយ្យភាពចំពោះប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល អនុវត្តឲ្យបានល្អប្រសើរនូវផែនការអភិវឌ្ឍន៍ ៥ឆ្នាំ កម្មវិធីវិនិយោគ ៣ឆ្នាំ រំកិល សម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។ សហការណ៍ ទំនាក់ទំនងល្អជាមួយគណៈអភិបាលក្រុងក្រុមប្រឹក្សាប្រភេទដូចគ្នា អង្គភាពចំណុះ អង្គភាពជំនាញជុំវិញខេត្ត។ ប្តេជ្ញាអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ទទួលយកនូវអនុសាសន៍របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល។

នៅក្នុងឱកាសនោះដែរឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រុមប្រឹក្សានិងគណៈអភិបាលក្រុង ត្រូវរួមសហការគ្នាអនុវត្តកម្មវិធីនយោបាយនិងផែនការយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ឲ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ ដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ឆ្លើយតបតាមតម្រូវការនិងសំណូមពរ ជាពិសេសត្រូវចេះដោះស្រាយបញ្ហាប្រឈមនានា ចូលរួមជម្រុញការអនុវត្ត នូវផែនការ”ភូមិ ឃុំមានសុវត្តិភាព”ឲ្យបានល្អប្រសើរ ព្រមទាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចសង្គមនៅគ្រប់មូលដ្ឋាន។ ឯកឧត្តមបានក្រើនរំលឹកដល់មន្រ្តីរាជការទាំងអស់ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ចូលរួមថែរក្សាការពារធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងត្រូវយកចិត្តកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច ការផ្តល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាពខ្ពស់។ ពង្រឹងការអភិវឌ្ឍន៍ស្ថាប័ន និងការអភិវឌ្ឍន៍ធនធានមនុស្សគ្រប់ផ្នែក គ្រប់វិស័យ៕