អគ្គិភ័យឆេះបំផ្លាញផ្ទះពលរដ្ឋ៤គ្រួសារទាំងស្រុង នៅក្រុងបាត់ដំបង, អភិបាលខេត្តនាំអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ចុះទៅជួយភ្លាមៗ


(បាត់ដំបង)៖ ឯកឧត្តម ងួន រតនៈ បាននាំអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង ចំនួន

៤ខ្នង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សកម្មភាពនេះបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ត្រូវបានប្រគល់ជូនដល់ ប្រជាពលរដ្ឋរងគ្រោះ ចំនួន៤គ្រួសារ រួមមាន៖ ១៖ លោកស្រី សាំងសុ គន្ឋ អាយុ៧៧ឆ្នាំ, ២៖ លោកស្រី អៀម សារួន អាយុ៧២ឆ្នាំ, ៣ ៖ លោកស្រី សុខ សេដ្ឋា អាយុ៥០ឆ្នាំ, ៤៖ លោក វ៉ាន់ នីន អាយុ៦៤ ឆ្នាំ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយគ្រួសាររងគ្រោះ ឯកឧត្តម ងួន រតនៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា នី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋជួបឧប្បទ្ទវហេតុភ្លើងឆេះផ្ទះនេះ បណ្ដាលឲ្យខូចខាតផ្ទះសំបែង និងបាត់បង់ទ្រព្យសម្បត្តិជាច្រើន។ ជាមួយគ្នានោះ ឯកឧត្តមបានអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយត័្នឲ្យបានខ្ពស់ ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ចៀសវាងកើតឡើងដូចករណីខាងលើ។

ឯកឧត្តម ងួន រតន: បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម, ទឹកសុទ្ធវីឃែរ២កេស, មី១កេស, តង់១, ទឹកត្រី១យួរ, ត្រីខ១យួរ, មុង១, ភួយ១, សារុង១, ក្រមា១, និងគ្រឿងឧបភោគបរិភោគ របស់ប្រើប្រាស់ផ្ទះបាយមួយចំនួន ព្រមទាំងថវិកាមួយចំនួនផងដែរ៕