នាយករដ្ឋមន្រ្តីកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ចុងសប្តាហ៍នេះ


តប​តាម​ការ​អញ្ជើញ​របស់​លោក​ ​ប្រា​យុទ្ធ​ ​ច័ន្ទ​អូ​ឆា​ ​នាយក​រដ្ឋមន្រ្តី​ថៃ​ ​និង​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៤​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃទី២២​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​នៅ​ទីក្រុង​បាងកក​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​កម្ពុជា​ ​ចេញផ្សាយ​នៅ​ថ្ងៃទី១៩​ ​មិថុនា​ ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​ប្រតិភូ​ដែល​នឹង​អមដំណើរ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​រួមមាន​ ​លោក​ ​ប្រាក់​ ​សុ​ខុន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​,​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ ​,​លោក​ ​ហង់​ ​ជួន​ ​ណា​រ៉ុន​ ​រដ្ឋមន្រ្តី​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ ​និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ​”​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៤​ ​នឹង​ត្រូវ​ធ្វើ​ក្រោម​មូលបទ​ ​«​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​»​ ​នឹង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ដល់​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ពង្រឹង​កុង​សង់​ស៊ុស​ ​ក្នុងចំណោម​សមាជិក​អាស៊ាន​ ​ដើម្បី​ដោះស្រាយ​ការ​ប្រឈម​សកល​ថ្មី​ៗ​។​ ​កិច្ចប្រជុំ​កំពូល​ក៏​នឹង​រិះរក​មធ្យោបាយ​នានា​ក្នុង​ការ​ធ្វើឲ្យ​អាស៊ាន​ ឈាន​ទៅកាន់​កម្រឹត​ខ្ពស់​ថែមទៀត​ប្រកបដោយ​ចីរភាព​ ​និង​មានការ​តភ្ជាប់​ដោយ​រលូន​។​

​ស្រប​ពេល​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៤នេះ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​ក៏​នឹង​អញ្ជើញ​ ​ចូលរួម​កិច្ចប្រជុំ​ ​និង​កម្មវិធី​មួយចំនួន​ ​រួមមាន​ ​៖​ ​កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន​ ​ជាមួយ​តំណាង​អន្តរ​សភា​អាស៊ាន​ ​,​កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន​ ​ជាមួយ​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ធុរកិច្ច​អាស៊ាន​ ​និង​កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន​ ​ជាមួយ​តំណាង​យុវជន​អាស៊ាន​។​

​ក្នុង​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៤​ ​នេះ​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​ប្រាក់​ ​សុ​ខុន​ ​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ ​កិច្ចប្រជុំ​លើក​ទី១៩របស់​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន​ ​និង​កិច្ចប្រជុំ​លើក​ទី២៣របស់​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ ​ដែល​កិច្ចប្រជុំ​ទាំងនេះ​ ​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃទី​ ​២១​-​២២​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​។​

​បន្ថែម​ពីនេះ​ ​ក្រសួង​រំពឹង​ទុក​ថា​ ​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៤​ ​នឹង​ឆ្លុះបញ្ចាំង​ពី​កិច្ចប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការជំរុញ​ដំណើរការ ​កសាង​សហគមន៍​ ​និង​លើកកម្ពស់​ភាពជា​ដៃគូ​របស់​អាស៊ាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ ចីរភាព​ ​នៅក្នុងចំណោម​បញ្ហា​ផ្សេង​ៗ​ទៀត​ ​ដើម្បី​សម្រេច​ឲ្យបាន​នូវ​សន្តិភាព​ ​ស្ថិរភាព​ ​និង​វិបុលភាព​ ​យូរអង្វែង​ ​ក្នុង​តំបន់​ ​ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន​៕