ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយចេញផ្សាយកាលពីព្រឹកមិញថា បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា បានទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើប្រទេសឡាវ និងវៀតណាម ជាមួយនិងរបបខ្យល់មូសុងនិរតីបក់ក្នុងកម្រិតមធ្យម។
លក្ខណៈបែបនេះ នឹងបង្កឲ្យតំបន់មួយចំនួនធំក្នុងប្រទេសកម្ពុជាមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី២០ មិថុនា ស្អែកនេះ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងនោះបណ្តាខេត្ត-ក្រុងនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ ទន្ទឹមនោះ ក៏អាចមានផ្នែកខ្លះខ្លាំង។
ដោយឡែកបណ្តាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើង និងឦសាន ក៏នឹងអាចមានភ្លៀងផងដែរ តែក្នុងកម្រិតពីខ្សោយទៅមធ្យម។
ជាមួយគ្នានេះ បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ នៅតែបន្តកើតមាន ពិសេសតំបន់ទំនាបកណ្តាល អាស្រ័យហេតុនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏ស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះបណ្តាបាតុភូតខាងលើនេះផងដែរ៕