ជំនួបពិភាក្សាការងារជាមួយសាស្រ្តាចារ្យ Jeff Boucher មកពីបណ្ឌិតសភាភាពជាអ្នកដឹកនាំ


ថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនិស្សិតមកពីបណ្ឌិតសភាភាពជាអ្នកដឹកនាំរបស់ Liger ដឹកនាំដោយសាស្ត្រាចារ្យ Jeff Boucher។

គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់នៅកម្ពុជា និងក៏ដូចជាដើម្បីបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអ្វីដែល ជាផែនការសម្រាប់ពេលអនាគត។

Liger Leadership Academy (LLA) មានទីតាំងឋិតនៅរាជធានីភ្នំពេញ ផ្តល់ការអប់រំដល់យុវជនកម្ពុជាឱ្យចេះអភិវឌ្ឍខ្លួនទៅជាអ្នកដឹកនាំសហគ្រិនសម្រាប់ថ្ងៃស្អែកប្រកបដោយមនសិការសង្គម។ LLA ផ្តល់ជូននូវកម្មវិធីអាហារូបករណ៍ជាកន្លែងស្នាក់នៅសិក្សាសម្រាប់និស្សិតដែលជួបការលំបាកផ្នែក សេដ្ឋកិច្ច ដោយរួមបញ្ចូលនូវការអប់រំប្រកបដោយការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ និងទូលំទូលាយ ជាមួយនឹងកម្មវិធីសិក្សាSTEM និងភាពជាសហគ្រិន។ Liger ជឿជាក់ថា៖ “ការវិនិយោគប្រកបដោយអត្ថន័យលើយុវជនទាំងនេះ នឹងធ្វើឱ្យពួកគេជាច្រើនមានការផ្លាស់ប្តូរជីវភាពរស់នៅ”។