អភិបាលខេត្តកំពង់ចាម ប្រាប់ឲ្យក្រុមប្រឹក្សា និងគណៈអភិបាលក្រុងកំពង់ចាម ប្រមូលយកសំណូមពរប្រជាពលរដ្ឋដើម្បីដោះស្រាយ


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន បានណែនាំដល់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុងកំពង់ចាមប្រ មូលយកសំណូមពររបស់ប្រជាពលរដ្ឋដើម្បីធ្វើការដោះស្រាយ។

នេះជាការលើកឡើងនារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ខណៈពេលដែលឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម ចំនួន១៧នាក់ នៅសាលាក្រុងកំពង់ចាមខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា នៅក្នុងរដូវភ្លៀងធ្លាក់ចូលមកដល់នេះ ផ្លូវក្នុងក្រុងកំពង់ចាមមួយចំនួន បានដក់ទឹកធ្វើឲ្យមានផ្លូវខូចសំបុកមាន់ ហើយករណីនេះ ក៏មានប្រជាពលរដ្ឋ បានថតបង្ហោះក្នុង បណ្ដាញសង្គមហ្វេសប៊ុកផងដែរ។

ឯកឧត្តមថា «ដូច្នេះក្នុងនាមអាជ្ញាធរក្រុង យើងត្រូវទទួលយកបញ្ហាទាំងនោះមកធ្វើការដោះស្រាយ។ ពិតណាស់ថា ការចាយវាយថវិកា យើងមិនអាចយកទៅប្រើប្រាស់ តាមជាក់ស្ដែងភ្លាមៗ បាននោះទេ យើងត្រូវអនុវត្តឲ្យបានសមស្របទៅតាមលិខិតបទដ្ឋានគតិយុត្ត គឺត្រូវរៀបចំនូវអ្វីដែលជាបញ្ហា និងជាសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សាគ្នាធ្វើការដោះស្រាយ។ ហើយបើបញ្ហាធ្ងន់ធ្ងរ ក្រុមប្រឹក្សាគណៈអភិបាលក្រុង ត្រូវរៀបចំលើកគម្រោងឡើង ហើយត្រូវអនុវត្តនីតិវិធីលទ្ធកម្មឲ្យបានត្រឹមត្រូវ បើពុំដូច្នោះទេ ការអនុវត្តខុសនីតិវិធី និងការអនុវត្តមិនចាំបាច់ ត្រូវទទួលពិន័យ ការស្ដីបន្ទោស ឬការចាប់ឲ្យ សងកញ្ចប់ថវិកាត្រឡប់មកវិញ»