ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ ៖ សិល្បៈនៃការប្រាស្រ័យទាក់ទង សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៃក្រសួងបរិស្ថាន


ភ្នំពេញ ៖ ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ ៖ សិល្បៈនៃការប្រាស្រ័យទាក់ទង” សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៃក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋជាច្រើននាក់ទៀត ។

លោកជំទាវ មុំ ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងរបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ចំពោះការលើកកម្ពស់សមត្ថភាព និងតម្លៃនៃការចូលរួមរបស់ស្រ្តីនៅក្នុងស្ថាប័ន ក៏ដូចជាសង្គមជាតិទាំងមូល ជាពិសេសដើម្បីធានាថាថ្នាក់ដឹកនាំជាស្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ទទួលបាននូវជំនាញក្នុងការដឹកនាំ ប្រកបដោយប្រសិទ្ធភាព ។

ជាមួយគ្នានេះ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកថា ការលើកកម្ពស់សមត្ថភាពស្ត្រី និងការចូលរួមរបស់ស្ត្រីគ្រប់វិស័យ ជាពិសេសការជំរុញលើកទឹកចិត្តស្ត្រីជាថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ ព្រមទាំងការបង្កើនកាលានុវត្តភាពនានាដល់ស្ត្រីពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត ក្នុងគោលដៅអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងស្របពេលទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានលើកឡើងច្បាស់ពីកាតព្វកិច្ចក្នុងការបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការប្រាជ្ញាចិត្តយ៉ាងសកម្ម និងស្វាហាប់ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តនូវកំណែទម្រង់រដ្ឋបាលយ៉ាងស៊ីជម្រៅ ទូលំទូលាយ និងស្ដារស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលប្រកាន់ខ្ជាប់នូវចក្ខុវិស័យយូរអង្វែង តាមរយៈការដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សំដៅបន្តលើការជំរុញការអភិវឌ្ឍន៍ ការលើកកម្ពស់សមត្ថភាពដឹកនាំតាមស្ថាប័ន ការកាត់បន្ថយភាពក្រីក្រ ពង្រីកសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនសុខមាលភាពប្រជាពលរដ្ឋ ។ ជាពិសេសការលើកកម្ពស់សមត្ថភាពការដឹកនាំជាស្ត្រីទៅតាមវិស័យ ដោយបានកំណត់ជាគោលនយោបាយថាស្ត្រីគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្ដីពី “ភាពជាអ្នកដឹកនាំ ៖ សិល្បៈនៃការប្រាស្រ័យទាក់ទង” សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រីនៃក្រសួងបរិស្ថាន គឺជាការឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ អភិក្រមរដ្ឋបាលទំនើប និងផែនទីការងាររបស់ក្រសួងដែលបានដាក់ចេញនៅពេលថ្មីៗនេះ ។ ហើយវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ណាស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រីនៃក្រសួងបរិស្ថាន ក្នុងការអភិវឌ្ឍសមត្ថភាពលើភាពជាអ្នកដឹកនាំស្វែងយល់ពីវិធីសាស្ត្រ និងអត្ថន័យនៃភាពជាអ្នកដឹកនាំប្រកបដោយសិល្បៈជំនាញក្នុងការនិយាយ/ជាសាធារណៈ ការចរចា និងការបញ្ចូនសារប្រកបដោយឥទ្ធិពល។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ក៏បានផ្ដល់អនុសាសន៍៤ចំណុចដល់អង្គសិក្ខាសាលាជាពិសេសមន្រ្តីរាជការជាស្រ្តីដូចជា ៖
១- ប្រើប្រាស់នូវចំណេះដឹងដែលទទួលបានក្នុងរយៈពេលពីរថ្ងៃនេះ ដោយផ្សារភ្ជាប់ជាមួយប្រព័ន្ធរដ្ឋបាលទំនើប សម្រាប់ការអនុវត្តការងារប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ។
២- បន្តពង្រឹងសមត្ថភាព ប្រសិទ្ធភាព និងគុណតម្លៃក្នុងការដឹកនាំខ្លួនឯង និងបន្តដឹកនាំក្នុងក្រុមនឹងអង្គភាព ។
៣-ពង្រឹងបន្ថែម និងលើកទឹកចិត្តក្នុងការធ្វើការជាក្រុម សាមគ្គីភាព បង្កើននូវទំនាក់ទំនងល្អ បង្កើតបរិយាកាសការងារល្អក្នុងអង្គភាពនិងស្ថាប័ន ។
៤- បន្តស្វែងរកឱកាស ចាប់យកឱកាស និងប្រើប្រាស់ឱកាស សម្រាប់បង្កើននូវសមត្ថភាព សុច្ចរិតភាព សេចក្តីថ្លៃថ្នូរ និងគុណតម្លៃគ្រប់គ្រាន់ស្របនឹងប្រទេសជាតិ សង្គមជាតិបាននិងកំពុងអភិវឌ្ឍន៍ ៕