ក្រុមហ៊ុន​សំណង់​ប្រទេស​កូរ៉េ​ចំនួន២៥​ ស្វែងរក​ដៃគូ​វិនិយោគ​នៅ​កម្ពុជា


តាមរយៈ​ការសម្រប​សម្រួល​ និង​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​លើកកម្ពស់​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ (KOTRA​) ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈសំណង់​ចំនួន២៥នឹង​បើក​កិច្ចពិភាក្សា​ការងារ​ និង​ស្វែងរក​ឱកាស​វិនិយោគ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​សំណង់​នៅ​កម្ពុជា​។

នៅក្នុង​វេទិកា​នៃ​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ និង​ឱកាស​ទទួល​បាន​ចំណែក​ទីផ្សារ​ពី​កិច្ចសហការ​វិនិយោគ​ភាពជា​ដៃ​ រវាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈសំណង់​កូរ៉េ​ទាំង២៥​ និង​ក្រុមហ៊ុន​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ ភ្នំពេញ​ នៅ​ថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០១៩​ ចាប់ពី​ម៉ោង ១០ព្រឹក​ រហូតដល់​ដល់ម៉ោង៥ល្ងាច​ ក្រោម​ប្រធានបទ​ «Cambodia​-Korea​ Construction​ Road​ Show​ 2019​» តាមរយៈ​សមាគម​សំណង់​កម្ពុជា​ (CCA​)។

តាមរយៈ​វេទិកា​មួយ​នេះ​ បណ្តា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈសំណង់​កូរ៉េ​ទាំង២៥​ មានឱកាស​បង្ហាញ​ពី​ផលិតផល​នានា​របស់​ខ្លួន​ មកកាន់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ និង​អភិវឌ្ឍ​នានា​នៅ​កម្ពុជា​ ដើម្បី​អាច​មានឱកាស​ទទួល​បាន​ចំណែក​ទីផ្សារ​ ឬចាប់​ដៃ​ធ្វើ​សហប្រតិបត្តិ​ការ​ជាមួយគ្នា​ ស្រប​ពេល​ដែល​វិស័យ​សំណង់​នៅ​កម្ពុជា​ កំពុងតែ​មានសន្ទុះ​និង​រីកចម្រើន​យ៉ាង​ខ្លាំង​ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​មួយចំនួន​។

នៅពេល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​កូរ៉េ​ ដែល​កំពុង​វិនិយោគ​ និង​មានដំណើរ​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​សរុប​ច្រើនជាង១៦០០​ ក្រុមហ៊ុន​លើ​គ្រប់​វិស័យ​ដែល​ក្នុង​នោះ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​បាន​ដើរតួ​ឈានមុខ​គេ​។

អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ លោក​ង៉ែត​ ជូ​ បាន​បង្ហាញ​នូវ​ក្ដី​សាទរ​ និង​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​បណ្តា​ក្រុមហ៊ុន​ សាងសង់​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​។ លោក​បាន​បន្ត​ទៀត​ថា​ “វា​ជា​រឿង​ល្អ​នៅពេល​មាន​រូបភាព​បែបនេះ​ ព្រោះ​ការ​ធ្វើទស្សនកិច្ច​សិក្សា​អំពី​ឱកាស​វិនិយោគ​ជា​ដៃគូ​ វា​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​វិស័យ​សាងសង់​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ភាគច្រើន​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ ប៉ុន្តែ​បើ​មាន​ក្រុមហ៊ុន​មក​ពី​កូរ៉េ​ខាងត្បូង​ បន្ថែម​ទៀត​វា​កាន់តែ​ប្រសើរ​ និង​ជម្រុ​ញឱ្យ​វិស័យ​មួយ​នេះ​រីកចម្រើន​ខ្លាំង​”។ លោក​បាន​បន្ត​ទៀត​ថា​ “ប្រទេស​កូរ៉េ​មាន​បច្ចេកវិទ្យា​ខ្ពស់​ នៅពេល​ដែលគេ​ចូល​មកកាន់​កម្ពុជា​ ក្រៅពី​អាច​ទទួល​បាន​ប្រយោជន៍​ និង​ចំណូល​បន្ថែម​លើ​សេដ្ឋកិច្ច​កម្ពុជា​ យើង​ក៏អាច​ទទួល​បាន​ចំណេះដឹង​បន្ថែម​ថ្មី​ៗពី​វិស័យ​មួយ​នេះ​”។

លោក​ង៉ែត​ ជូ​ បាន​បន្ត​ថា​ “វា​ក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ក្នុង​ការ​ចាប់ដៃ​ធ្វើជំនួញ​ឆ្ពោះទៅ​កាន់​ប្រទេស​កូរ៉េ​ធ្វើជា​ដៃគូ​វិញ​”៕