គណៈកម្មការទី៧នៃរដ្ឋសភាជាតិជួបប្រជុំជាមួយរដ្ឋបាលខេត្តសៀមរាប


គណៈកម្មការទី៧នៃរដ្ឋសភាជាតិ ដែលគ្រប់គ្រងទៅលើវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌និងទេសចរណ៍ ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានបានជួបប្រជុំជាមួយរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងមន្រ្តីថ្នាក់ដឹកនាំនៃមន្ទីរពាក់ព័ន្ធខាងលើនៃខេត្តសៀម រាបបានចូលរួមផងដែរ។​ កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំនៃសាលាខេត្តសៀមរាប។

នៅក្នុងជំនួបនាឱកាសនោះ ឯកឧត្តម ទៀ សីហា បានរាយការណ៍ជូនដល់គណៈកម្មការទី៧នៃរដ្ឋសភាជាតិ ថា បើទោះជាខេត្តសៀមរាប ជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ខ្ពស់ តែវិស័យផ្សេងៗទៀតក៏មានសារ:សំខាន់ខ្វះមិនបាន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាប្រចាំ ពីសំណាក់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ។ វិស័យអប់រំ ជាវិស័យដែលអាជ្ញាធរខេត្តតែងបានយកចិត្តទុកដាក់ខ្ពស់ បើទោះបីជាវិស័យនេះ នៅមានបញ្ហាប្រឈមដោយអន្លើយ៉ាងណាក៏ដោយ។ កន្លងមកយើងបានបង្ហាញពីជំហរយ៉ាងម៉ឺងម៉ាត់របស់យើង និងបានដាក់ចេញនូវវិធានការទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនោះ ដោយបានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា ធ្វើយ៉ាងណាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ឱ្យបន្តព្យាយាមឱ្យអស់លទ្ធភាពក្នុងការបណ្តុះបណ្តាលសិស្ស ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ចំណាកស្រុក តាមរយ:ការចុះកិច្ចសន្យាជាមួយអាណាព្យាបាល ដើម្បីឱ្យពួកគាត់បញ្ជូនកូនមករៀនឱ្យបានទៀងទាត់។

ក្រោយពីបានស្តាប់របាយការណ៍របស់ឯកឧត្តមអភិបាលខេត្តរួចមក ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា គណៈកម្មការទី៧នៃរដ្ឋសភាជាតិដែលចុះមកបំពេញបេសកកម្មនាពេលនេះ គឺដើម្បីឈ្វេងយល់ពីស្ថានភាពនៃការអភិវឌ្ឍជារួមក្នុងខេត្ត សមិទ្ធផលនានាដែលខេត្តសម្រេចបាន និងពិនិត្យតាមដាននូវការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបញ្ហាប្រឈមនានានៃវិស័យទាំងបួនក្នុងបន្ទុក។

ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងទៀតថា ដោយសារតែតម្រូវការរបស់ប្រជាពលរដ្ឋកាន់តែវិវត្តន៍គួរឱ្យកត់សម្គាល់ ដូចនេះការតាំងចិត្តខ្ពស់ក្នុងការអនុវត្តការងារប្រកបដោយភាពច្បាស់ លាស់ ដើម្បីរក្សានូវអ្វីដែលយើងមានស្រាប់ ហើយបន្តជំរុញឱ្យមានភាពប្រសើរនោះ គឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើដើម្បីឆ្លើយតប និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពជាមុន៕