កម្ពុជាដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ​“ របាយការណ៍​ជាតិ​លើក​ទី​៦​ ក្រោម​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ ​”


ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ​“ របាយការណ៍​ជាតិ​លើក​ទី​៦​ ក្រោម​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ ​” នៅ​រសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស២៥៦៣​ត្រូវនឹងថ្ងៃ​​ទី២០ ខែ​មិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ដោយមាន​តំណាង​ថ្នាក់​ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តំ​ណាង​ស្ថានទូត អង្គការ​ដៃគូ​អភិវឌ្ឍន៍ គ្រឹះស្ថាន​អប់រំ និង​វិទ្យាស្ថាន​សិក្សាស្រាវជ្រាវ ​វិស័យ​ឯកជន​ ​ចូល​រួម​ជាច្រើននាក់។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងបន្តថា នៅក្នុងពិធីនោះ ឯកឧត្ដម សៅ សុភាព បាន លើក​ឡើង​ពី​វឌ្ឍនភាព​សំខាន់​ៗ​នៃ​ការ​អនុវត្ត​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​បរិស្ថាន​ ក៏​ដូចជា​ការ​អនុវត្ត​កាតព្វកិច្ច​នានា ​ក្នុង​នាម​ជា​សមាជិក​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ​ ដែល​ក្នុង​នោះ​ផ្ទៃដី​តំបន់​ការពារ​សរុប​បាន​កើន​រហូត​ដល់​៤១ភាគរយ នៃ​ផ្ទៃ​ប្រទេស  ហើយ​ដែល​ចំនួន​នេះ​លើស​ពី​គោលដៅ​ជីវៈចម្រុះ​សកល​ជិត​៣ដង ។ ក្រសួង​បរិស្ថាន​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​ផែនការ​ប្រើប្រាស់​ដី​ធ្លី​ ប្រកប​ដោយ​និរន្តរភាព​ ហើយ​ដែល​គិត​ត្រឹម​ឆ្នាំ​២០១៨កន្លងទៅ​នេះ ក្រសួង​បាន​បង្កើត​តំបន់​សហគមន៍​ធម្មជាតិ​បាន​ចំនួន​ ១៥៣​សហគមន៍​ គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ជាង​២៥​ម៉ឺន​ហិកតា និង​បាន​បញ្ចូល​មន្រី្ត​​ឧទ្យានុរក្ស​​​ជាង ​១.២០០​នាក់ ​ឱ្យ​ក្លាយ​ជា​មន្រ្តី​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ ព្រមទាំងបណ្តុះបណ្តាល ​ឱ្យ​ពួក​គាត់​ឱ្យ​មាន​ជំនាញ​ជា​មន្រ្តី​អនុវត្តន៍​ច្បាប់​ពេញលេញ​ផង​ដែរ​។

ឯកឧត្ដម​មាន​ប្រសាសន៍​បញ្ជាក់​ថា លទ្ធផល​ដែល​បាន​រៀបរាប់​នៅ​ក្នុង​របាយការណ៍​ជាតិ​លើក​​ទី៦​នេះ យើង​អាច​វាយតម្លៃ​បាន​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​នូវ​គោលដៅ​ជីវៈចម្រុះ​ស្ទើរ​តែ​ទាំង​​ស្រុង ដែល​នេះ​គឺ​ជា​សមិទ្ធផល​មួយ​ដ៏​ធំធេង ក៏​ដូច​ជា​ការ​ស្តែង​ចេញ​នូវ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​​ ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ចូល​រួម​​ចំណែក​ក្នុង​ការ​អភិរក្ស​ធន

ធាន​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​ ជា​សកលលោក​សម្រាប់​ការ​អភិវឌ្ឍ ​​ប្រកប​ដោយ​ចីរភាព។

ឯកឧត្ដម​ជឿជាក់​យ៉ាង​មុត​មាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​នៅ​តែ​បន្ត​សន្ទុះ​​​​នៃ​កា​រ​ខិត​​ខំ​ប្រឹងប្រែង​អនុវត្តន៍​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ ក៏​ដូច​ជា​អនុវត្ត​ន៍អនុសញ្ញា​សហប្រជាជាតិ ​ស្តីពី​ជីវៈចម្រុះ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​កៀរគរ​ធនធាន​សម្រាប់​អនុវត្តន៍​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​ជាតិ ​ស្តីពី​ជីវៈចម្រុះ (NBSAP) ឱ្យ​បាន​ទទួល​ជោគជ័យ តាមរយៈ​ការ​រៀបចំ​គោលនយោបាយ​ស្តីពី​ការ​បង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ រក្សា​លំនឹង​​បរិស្ថាន និង​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ដើម្បី​រស់​នៅ​ប្រកប​ដោយ​ភាព​សុខដុម​រម្យនា​ជា​មួយ​ធម្មជាតិ ​៕