អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តសហការជាមួយដៃគូសង្គមស៊ីវិលដោះស្រាយ​បញ្ហា ក្នុងខេត្តឆ្លើយតបនឹងគោលនយោបាយរាជរដ្ឋាភិបាល


អភិបាលខេត្ត​បន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ​បាន​បញ្ជក់​​ថា ​ក្នុងនាម​ជា​អាជ្ញាធរខេត្ត​នឹងបន្ត​សហការ​ជាមួយ​ដៃគូ​សង្គម​ស៊ីវិល​ដោះស្រាយ​បញ្ហា​ក្នុង​ខេត្ត​​ឱ្យ​តូច​ទៅៗ​រហូតដល់​អស់​ឆ្លើយតប​នឹង​គោលនយោបាយរាជ​រដ្ឋាភិបាល​ ដើម្បីជំរុញល្បឿនការអភិវឌ្ឍខេត្តឱ្យកាន់តែរីក​ចម្រើន។

ការលើកឡើងបែបនេះរបស់ឯកឧត្តម អ៊ុំ រាត្រី បានធ្វើឡើងក្នុងវេទិកាពិគ្រោះយោបល់ ជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការ ពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបាននូវក្រប ខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដោយមាន ការចូលរួមពីតំណាងមន្ទីរ អង្គភាពចំណុះសាលាខេត្ត ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានា នៅក្នុងខេត្តបន្ទាយមានជ័យ ​ក្រោមវត្តមាន​ឯកឧត្តម កឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានបន្តទៀតថា ឱ្យតែ​កិច្ចប្រតិបត្តិការ​របស់​អង្គការ​សមាគម​​ហ្នឹងបម្រើដល់ផលប្រយោជន៍ជាតិប្រជាពលរដ្ឋស្របទៅនឹងគោល​នយោ បាយរបស់រាជរដ្ឋាភិបាល​ធ្វើ​អ្វី​ក៏បាន ​និង​ជំរុញ​ការគាំទ្រ​ឱ្យ​អាជ្ញាធរ​ឃុំ ​សង្កាត់​និង​ស្រុក​ក៏​ដូច ជា​មន្ទីរជំនាញ​ឆ្លើយតប​នឹង​ធ្វើ​ការងារ​ជាមួយ​។​

ឯកឧត្តម កឹម វិសិដ្ឋ បានថ្លែងថា វេទិកានេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យអង្គការ​សង្គមស៊ីវិលនៅក្នុងខេត្តបន្ទាយមានជ័យ បានឈ្វេងយល់ស៊ីជម្រៅអំពីគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពកម្ពុជា សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងរាជ រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល ដើម្បីធានាបាននូវការអភិវឌ្ឍ​ប្រកប ដោយនិរន្តរភាពនៅកម្ពុជា។

​នៅក្នុងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនេះ អាជ្ញាធរខេត្ត និងតំណាងអង្គការ សមាគម សហ ជីពនិងសហគមន៍ក៏បានជជែកពិភាក្សាដោយត្រង់ទៅត្រង់មកជាមួយគ្នាពាក់ព័ន្ធនឹងបញ្ហាប្រឈមជាក់ស្តែងដែលកើតមាននៅក្នុងមូលដ្ឋាននៃខេត្តបន្ទាយមានជ័យរួមទាំងសំណូមពរមួយចំនួនផងដែរដើម្បីសហការស្វែងរកដំណោះស្រាយជាមួយគ្នាសំដៅជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យ​កាន់តែរីកចម្រើនថែមទៀត៕