អន្តរក្រសួងគាំទ្រគម្រោងពង្រីកផ្លូវរត់ (Runway) ប្រវែង ៧០០ម៉ែត្រ


នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម រ័ត្ន វីរៈ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងពង្រីកផ្លូវរត់ (Runway) មាន ប្រវែង ៧០០ម៉ែត្រ ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងពង្រីកផ្លូវរត់(Runway)ដែលមានប្រវែង ៧០០ម៉ែត្រ មានទីតាំងស្ថិតនៅឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន SOCIÉTÉ CONCESSIONNAIRE DE L’AÉROPORT (ក្រុមហ៊ុនព្រលានយន្តហោះ)និងរៀបចំរបាយការណ៍ ESIA ដោយក្រុមហ៊ុន ទីប្រឹក្សា E&A CONSULTANT CO., LTD.។

ប្រភពខាងលើឱ្យដឹងបន្តថា ក្រោយពីបានពិនិត្យ និង ពិភាក្សាផ្លាស់ប្តូរយោបល់លទ្ធផលនៃកិច្ចប្រជុំនេះ រួមមាន៖

១. អង្គប្រជុំគាំទ្រទៅលើគម្រោងពង្រីកផ្លូវរត់នេះ ។

២. ក្រុមហ៊ុនត្រូវរចនាគម្រោង លើការដោះប្រព័ន្ធទឹកចេញចូលពីទីតាំង គម្រោងទៅបឹងកង្កែប រួច បន្តទៅសមុទ្រ ដើម្បីរក្សាការពារដើមក្រញឹប និង កោងកាង ដែលដុះនៅក្នុងតំបន់គម្រោង រួមទាំង ការពារគុណភាពទឹកព្រែក ទឹកបឹង និងទឹកសមុទ្រ ។

៣. ក្រុមហ៊ុនត្រូវបញ្ជាក់ បន្ថែមពីទីតាំងជីកយកអាចម៍ដី ដើម្បីយកមកចាក់បំពេញនៅលើទីតាំងគម្រោងឱ្យបានច្បាស់លាស់។

៤. ក្រុមហ៊ុនត្រូវគ្របតង់ឱ្យបានត្រឹមត្រូវដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនអាចម៍ដី ព្រមទាំងត្រួតពិនិត្យអ្នកបើកបរដោយមិនប្រើប្រាស់ជាតិស្រវឹង និងគ្រឿងញៀន

៥.ក្រុមហ៊ុនត្រូវមានកំណាយបង្ការដែលពាក់ព័ន្ធនឹងការងារសាងសង់ ក្នុងករណីជីកប្រទះ ឃើញវត្ថុបុរាណ ឬ សម្បត្តិវប្បធម៌ ។

៦. ក្រុមហ៊ុនត្រូវមានផែនការគ្រប់គ្រងសំណល់រឹង និង សំណល់រាវនៅក្នុងដំណាក់កាលសាងសង់ និងប្រតិបត្តិគម្រោង ។

៧. ក្រុមហ៊ុនត្រូវបញ្ចូលមតិយោបល់វិជ្ជមានរបស់អង្គប្រជុំទៅក្នុងរបាយការណ៍ ESIA។

កិច្ចប្រជុំអន្តរក្រសួង នេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ (រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល) ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្ត ព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ នាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ ៕