ផ្លូវលំ និងស្ពានឈើទៅកាន់ប្រាសាទមេបុណ្យ ស្រុកថ្មពួក ចាប់ផ្តើមស្ថាបនា


ផ្លូវលំប្រវែងជាង ១០គីឡូម៉ែត្រ ទៅកាន់ប្រាសាទមេបុណ្យ និងស្ពានឈើឆ្លងបារាយ​ប្រវែង ៨០០ម៉ែត្រ ស្ថិតក្នុងភូមិបន្ទាយ​ឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន និងលោកជំទាវ បានចាប់ផ្តើមសាងសង់ឆ្លើយតបទៅនឹងភាពរីកចម្រើននៃ ប្រទេស​ជាតិ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់ជនបទដាច់ ស្រយាលនេះដែលកំពុងត្រូវការចាំបាច់នោះ។

លោក​ជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តយស សមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ និងឯកឧត្តម​​ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ​បាន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ ​និងស្ពានឈើ​នេះ កាលពីថ្ងៃអាទិត្យ ៦រោច​ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ដោយការចូល​រួមអបអរសាទរពីប្រជាពលរដ្ឋយ៉ាងច្រើននៅក្នុងតំបន់នោះ។

ក្នុងពិធីបើកការដ្ឋាន​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានលើក ចឡើងថា ដោយមើលឃើញពីសក្តានុពល នៃតំបន់ទេសចរណ៍នៅ​ប្រាសាទមេបុណ្យ និង បារាយទឹកដ៏ធំនោះ ម្យ៉ាងទៀតដោយសារតែតំបន់នេះពុំទាន់មានហេដ្ឋា​រចនា សម្ព័ន្ធផ្លូវថ្នល់ តភ្ជាប់ទៅកាន់ទីនោះ ទើបឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ​និងលោក​ជំទាវ បានផ្តល់ អំណោយជាផ្លូវលំ ១ខ្សែ ប្រវែងជាង ១០គីឡូម៉ែត្រនេះ ដោយតភ្ជាប់ពីផ្លូវជាតិ៥៦ ចូលទៅ កាន់ប្រាសាទផ្នែកខាងជើង រួមទាំងស្ពានឈើឆ្លងប្រវែង ៨០០ម៉ែត្រ ពីខ្នងខាងជើងបារាយ ទៅកាន់ចំណុចកណ្តាល នៃបារាយទឹក​ប្រាសាទនេះផងដែរ ។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបន្តថា ការស្ថាបនាផ្លូវ ស្ពានតភ្ជាប់នេះពិតជា​មានសារៈប្រយោជន៍ខ្លាំងណាស់ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ និង ជាគមនាគមន៍ សម្រាប់ដឹក​ជញ្ជូនកសិផលស្រូវ ដំឡូងរបស់ប្រជាពលរដ្ឋនៅតំបន់​នេះទៀតផង ដែលបាន ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាក្នុងការ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនោះ។

ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងការគោរពអរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ដែលជានិច្ច កាល​តែងតែយកចិត្តទុកដាក់ ​ក្នុងការកសាងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មានផ្លូវថ្នល់ ផ្ទះ ជូនប្រជាពលរដ្ឋក្រីក្រ សាលារៀន អាងទឹក ប្រឡាយ និងជួយឧបត្ថម្ភការរៀបចំកែលម្អប្រាង្គ ប្រាសាទបុរាណនានា​​ ជាអាទិ៍ ប្រាសាទបន្ទាយឆ្មារ បានប្រែក្លាយមុខមាត់ឡើងជាលំដាប់ និង បន្តមកជួយកសាង រៀបចំប្រាសាទមេបុណ្យនេះផងដែរ ៕