ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) ដែលជាសហគ្រាសសំណង់ដ៏ធំរបស់រដ្ឋាភិបាលចិន បាននិងកំពុងសិក្សាដើម្បីចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងអាកាស និងផ្លូវក្រោមដីនៅរាជធានីភ្នំពេញ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូកាលពីពេលថ្មីៗនេះ លោក Wang Wenzhong អនុប្រធានក្រុមហ៊ុនសាជីវកម្មសាងសង់ ផ្លូវដែកចិន (CRCC) បានជម្រាបជូនលោកទេសរដ្ឋមន្រ្តី អំពីវិសាលភាពនៃប្រតិបត្តិការអាជីវកម្ម របស់ CRCC នៅក្នុងប្រទេសចិន និងការគាំទ្ររបស់ខ្លួនចំពោះប្រទេសកម្ពុជា និងបានសម្តែងនូវសុឆន្ទៈ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិននេះធ្វើឡើង ដើម្បីសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវដែកកម្ពុជា ដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត) សិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) និងរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញ ហើយរាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់សម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនណាមួយ ដែលមានប្រសិទ្ធភាពបំផុត អាចកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុន CRCC សិក្សាផ្លូវដែកបន្តពីក្រុងសិរីសោភណ្ឌ មកខេត្តសៀមរាប ដែលមានប្រវែងសរុបប្រមាណ១០០គីឡូម៉ែត្រ ដោយហេតុថា មានទេសចរណ៍យ៉ាងច្រើន ចង់ធ្វើដំណើរតាមរថភ្លើង ពីទីក្រុងបាងកក ពីទីក្រុងកូឡាឡាំពួរ និងពីទីក្រុងសឹង្ហបុរី មកលេងប្រាសាទអង្គរវត្ត។
លោក Wang Wenzhong បានស្នើឱ្យមាន ការពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធរបស់ ក្រសួង ក្នុងគោលបំណងឱ្យផ្លូវ ដែកភាគខាងជើង និងភាគខាងត្បូងរបស់កម្ពុជា អាចដំណើរការបានរលូនឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងកាត់បន្ថយតម្លៃដឹកជញ្ជូនទំនិញផងដែរ៕