ក្រុមហ៊ុន​យក្ស​ជប៉ុន​គ្រោង​បញ្ចប់​ការសាងសង់​មជ្ឈមណ្ឌល​ផលិតកម្ម​នៅ​កម្ពុជា​ក្នុង​ចុងឆ្នាំ​នេះ


ក្រុមហ៊ុន​ Nippon​ Express​ (Cambodia​) Co​. , Ltd​. ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ នៃ​ក្រុមហ៊ុន​ភស្តុភារ​យក្ស​ជប៉ុន​ Nippon​ Express​ Co​., Ltd​. គ្រោង​បញ្ចប់​ការសាងសង់​ឃ្លាំង​ ឬមជ្ឈមណ្ឌល​ផលិតកម្ម​នៅ​កម្ពុជា​ចុងឆ្នាំ​នេះ​ ដើម្បី​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍន៍​វិស័យ​ដឹក​ជញ្ជួន​នៅ​កម្ពុជា​។

ក្រុមហ៊ុន​ Nippon​ Express​ នឹង​បញ្ចប់​ការសាងសង់​មជ្ឈមណ្ឌល​សេវាកម្ម​ផលិតកម្ម​នៅ​កម្ពុជា​ក្នុង​ខែ​ ធ្នូ​ ឆ្នាំនេះ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Nikkei​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ លោក​ Hiroshi​ Uematsu​ បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ Nippon​ Express​ ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ចូ​នដ៏​ធំ​របស់​ជប៉ុន​ ដែល​ក្រុមហ៊ុន​នេះ​ នឹង​បង្កើត​មជ្ឈមណ្ឌល​សេវាកម្ម​ផលិតកម្ម​លើ​ផ្ទៃដី៤ហិ​កតា​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។

លោក​ Hiroshi​ Uematsu​ អះអាង​ថា​ “អស់​រយៈពេល៥ឆ្នាំ​ហើយ​ ដែល​ភាគហ៊ុន​និក​ទាំងនោះ​ពេញចិត្ត​ នឹង​ផលិតភាព​របស់​កម្មករ​កម្ពុជា​ ពួកគេ​ចង់​ពង្រីក​ផលិតកម្ម​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​”។

ក្រុមហ៊ុន​ Nippon​ Express​ (Cambodia​) Co​. , Ltd​. បាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​កាលពី​ថ្ងៃពុធ​ទី២០​ ខែកុម្ភៈ​ ឆ្នាំនេះ​ ដើម្បី​ចាប់ផ្តើម​សាងសង់​ឃ្លាំង​ថ្មី​ នៅ​ក្នុ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ (SEZ​) នៅ​កម្ពុជា​។

សេដ្ឋកិច្ច​កម្ពុជា​បាន​កើនឡើង​ក្នុង​អត្រា​ប្រចាំឆ្នាំ​ប្រហែល៧ភាគរយ​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​រំពឹង​ថា​នឹង​បន្ត​ទទួល​បាន​អត្រាកំណើន​ខ្ពស់​ នា​ពេល​អនាគត​។ ការប្រើ​ប្រាស់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ ខណៈ​ដែល​ប្រាក់ចំណូល​ជាតិ​មានការ​រីកចម្រើន​ ដែល​ជំរុញ​ឲ្យ​មាន​តម្រូវការ​កាន់តែ​ច្រើន​ សម្រាប់​ការនាំចូល​ទំនិញ​ប្រើប្រាស់​ និង​ការ​ដឹកជញ្ជូន​ និង​ឃ្លាំង​ស្តុក​ក្នុង​ស្រុក​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ បាន​ផ្តល់​នូវ​ទីតាំង​ដ៏​ងាយស្រួល​មួយ​ជាទី​តាំង​ភស្តុភារ​ ដែល​មាន​ចំងាយ១៨​ គីឡូម៉ែត្រ​ពី​ភ្នំពេញ​ និង៨គីឡូម៉ែត្រ​ពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ តភ្ជាប់​ទៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កំពង់ផែ​សមុទ្រ​ជ្រៅ​។ បច្ចុប្បន្ន​ប្រទេស​ជប៉ុន​ និង​ក្រុមហ៊ុន​ដទៃទៀត​ប្រមាណ​ ៩០​ កំពុង​ប្រតិបត្តិ​ការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ ក៏​ស្ថិតនៅ​ក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​របស់​មហា​អនុ​តំបន់​ទន្លេមេគង្គ​ ដែល​ធ្វើឲ្យ​វា​ជា​មជ្ឈមណ្ឌល​យុទ្ធ​សាស្រ្ត​សម្រាប់​ភ័ស្តុភារ​ ដែល​ភ្ជាប់​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ និង​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម​ហើយ​ការ​រំពឹង​ទុក​ថា​នឹង​មាន​តម្រូវ​ខ្ពស់​ផ្នែក​ភ័ស្តុភារ​បន្ថែម​ទៀត​។

ក្រុមហ៊ុន​ Nippon​ Express​ Cambodia​ បាន​សំរេចចិត្ត​សាងសង់​ទីតាំង​អាជីវកម្ម​ថ្មីនេះ​ ដើម្បី​បំពេញ​តម្រូវការ​ភ័ស្តុភារ​របស់​អតិថិជន​របស់​ខ្លួន​ រួមមាន​ ការ​ដឹកជញ្ជូន​តាមយន្តហោះ​ សមុទ្រ​ ដឹកជញ្ជូន​ក្នុង​ស្រុក​ ដឹកជញ្ជូន​តាម​រថយន្ត​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ និង​ការ​ផ្ទុក​/ការចែកចាយ​ដោយ​ប្រើ​ឧបករណ៍​ម៉ាស៊ីន​ត្រជាក់​។

ដោយមាន​ការ​រីកចម្រើន​បន្ថែម​ទៀត​ នៅក្នុង​ប្រទេស​កម្ពុជា​ និង​អាស៊ី​អាគ្នេយ៍​ទាំងមូល​ Nippon​ Express​ កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​មុខងារ​ ដឹកជញ្ជូន​របស់​ខ្លួន​នៅក្នុង​តំបន់​ និង​ពង្រីក​អាជីវកម្ម​ដឹកជញ្ជូន​ទូទាំង​ពិភពលោក​របស់​ខ្លួន​ ដោយ​បំពេញ​តម្រូវការ​ពេញលេញ​របស់​អតិថិជន​៕