រដ្ឋាភិបាល​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​គម្រោង​ស្ថាបនា​ឡើងវិញ​ផ្លូវជាតិ​លេខ២


រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ថាបនា​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ​ ២ ជាមួយ​ក្រុមហ៊ុន​កូរ៉េ​នៅ​ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៩ខាងមុខនេះ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​សាធារណៈ​ការ​ នឹង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៤ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ នឹង​អញ្ជើញ​ ជា​អធិបតីភាព​ នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ២​ (ពី​តាខ្មៅ​ ដល់​អូរ​ចំបក់​) និង​ផ្លូវជាតិ​លេខ២២​ (ពី​អូរ​ចំបក់​ ដល់​អង្គតាសោម​) រវាង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ក្រុមហ៊ុន​ HANSHIN​ Engineering​ &​ Construction​ Co​. Ltd​ ដែល​ជា​គម្រោង​ ឥណទាន​សម្បទាន​ ពី​រដ្ឋាភិបាល​កូរ៉េ​។

គម្រោង​ផ្លូវជាតិ​លេខ​ ២ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​ រដ្ឋាភិបាល​កូរ៉េ​ និង​ថវិកា​រប​ដិ​ភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ ៨.៥លាន​ដុល្លារ​អាមេរិក​ មាន​ប្រវែង​ ៦៦គីឡូម៉ែត្រ​។ នេះ​បើ​យោង​តាម​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​កាលពី​កន្លងមក​។

ក្នុង​នោះ​ ចាប់ពី​រង្វង់​មូល​តាខ្មៅ​ រហូតដល់​រង្វង់​មូល​អូរ​ចំបក់​មាន​ប្រវែង​ ៥៧គីឡូម៉ែត្រ​ និង​ ៩គីឡូម៉ែត្រ​ នៅ​លើ​ផ្លូវជាតិ​លេខ​ ២២​ គ្រោង​ក្រាល​កៅស៊ូ​ AC​ សង់ស្ពាន​ថ្មី​ និង​ពង្រីក​ទទឹង​ផ្លូវ​ឲ្យបាន​ ១៣ម៉ែត្រ​ តាម​ទំហំ​ចរាចរណ៍​ និង​តាម​ដំណាក់កាល​។

រីឯ​ ចាប់ពី​រង្វង់​មូល​គួរស្រូវ​ ទៅ​ទិសខាងត្បូង​ប្រវែង​ ៨គីឡូម៉ែត្រ​ គ្រោង​នឹង​សាងសង់​ជា​ ៤គន្លង​។បច្ចុប្បន្ន​ដៃគូ​អភិវឌ្ឍន៍​កូរ៉េ​ កំពុង​ជ្រើសរើស​ទីប្រឹក្សា​បច្ចេក​ទេ​ ដើម្បី​ចាប់ផ្តើម​រៀបចំ​ Design​ និង​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​ ដោយដំណើរ​ការ​នេះ​ អាច​ចំណាយពេល​ ១ឆ្នាំ​ ទម្រាំ​បាន​អនុវត្ត​ការសាងសង់​ជាក់ស្តែង​។យ៉ាងណាមិញ​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ នឹង​ស្នើសុំ​គោលការណ៍​ស្វែងរក​កញ្ចប់​ថវិកា​ពិសេស​ ដើម្បី​ជួសជុល​បណ្តោះអាសន្ន​ឲ្យបាន​ទាន់ពេល​វេលា​ មិន​រង់ចាំ​រហូតដល់​ ១ឆ្នាំ​នោះ​ឡើយ​។

គម្រោង​នេះ​ នឹង​ត្រូវ​ចាប់ផ្តើម​ឲ្យបាន​លឿន​ ទាំងយប់​ និង​ថ្ងៃ​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ នឹង​សម្រួល​ដល់​ចរាចរណ៍​ជូន​ដល់​ បងប្អូន​ប្រជាពលរដ្ឋ​៕