កម្ពុជាគ្មានការរើសអើងណាមួយជាមួយក្រុមហ៊ុនវិនិយោគមកពីបរទេសនោះទេ


ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦– ក្នុងពិធីអបអរសាទរខួប៥ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន
មីនីបៀរ (Minebea) នាព្រឹកថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០១៦ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនោះ
សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
មានប្រសាសន៍ថា កម្ពុជាគ្មានការរើសអើងណាមួយចំពោះក្រុមហ៊ុនវិនិយោគមកពីបរទេសនោះទេ
ប្រព្រឹត្តកម្មស្មើគ្នា ហើយអ្វីដែលជាចំណុចល្អមួយទៀតក្រុមហ៊ុននេះ មិនតម្រូវឱ្យមានភាគហ៊ុន ណាមួយរបស់ម្ចាស់ស្រុកទេ គឺអ្នកវិនិយោគមកពីបរទេស១០០ភាគរយ។
មីនីបៀរ គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាកាលពី
ឆ្នាំ២០១១ ដើម្បីផលិតគ្រឿងអេឡិចត្រូនិចដូចជាឌីណាម៉ូ និងម៉ូទ័រជាដើម។
ក្រុមហ៊ុននេះ មានរោងចក្រ ជប៉ុនចំនួន២ កំពុងដំណើរការ និងរោងចក្រមួយទៀត កំពុងសាងសង់។ អគាររោងចក្រមានកម្ពស់ ៤ជាន់ និងមានបន្ទប់ប្រមាណជា២០០ចំណែកឯជាន់ទី២ គឺជាអគារបណ្ដុះ
បណ្ដាល សម្រាប់កម្មករថ្មី។
ជាមួយនឹងការកោតសរសើរក្រុមហ៊ុនមីនីបៀរបស់ប្រទេសជប៉ុន ដែលបានពង្រីកការវិនិយោគ ពី២៣លាន រហូតដល់ជាង ២០០លានដុល្លារអាម៉េរិក សម្រាប់ការផលិតម៉ូទ័រព្រមទាំងឧបករណ៍បច្ចេកវិទ្យាទំនើប
មួយចំនួន ទៀតនោះ សម្ដេចតេជោមានប្រសាសន៍ថា នេះហើយជានយោបាយថ្មីលើវិស័យឧស្សាហកម្ម
របស់កម្ពុជា ២០១៥-២០២៥ ដែលកម្ពុជាត្រូវការជំរុញអភិវឌ្ឍន៍ថែមទៀត។
កម្ពុជាមិនចង់ ឱ្យអ្នកវិនិយោគណាមួយមកដល់ស្រុកខ្មែរហើយ ដករោងចក្រត្រឡប់ទៅវិញ ដោយនិយាយ
ថា កម្ពុជាអាក្រក់នោះទេ គឺចង់ឱ្យអ្នកវិនិយោគមកហើយគេបន្ថែមទុននៅនឹងកន្លែង គេមានប្រាក់ចំណេញ ហើយគេពង្រីករោងចក្ររបស់គេនៅនឹងកន្លែង ដើម្បីបង្កើតការងារធ្វើ មានផលិតផលកម្ពុជានាំចេញទៅ
បរទេស ហើយផលិតផលដែលនាំចេញនេះ គឺសមត្ថភាពនៃរោងចក្រពិភពលោក។
សម្ដេចតេជោបន្តថា ដោយមានជើងហោះហើរត្រង់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅណារីតា តូក្យូ ប្រទេសជប៉ុន គួបផ្សំជាមួយទិដ្ឋាកាចេញចូលច្រើនដងដែលមានសុពលភាពរយៈពេល៣ឆ្នាំ សម្រាប់អ្នក កាន់លិខិតឆ្លងដែនធម្មតា ផ្ដល់ឱកាសសម្រួលឱ្យអ្នកវិនិយោគរបស់ជប៉ុន និងទេសចរណ៍ជប៉ុនផងដែរ។
សម្ដេចក៏បានអំពាវនាវ ដល់កម្មករកម្មាការិនីនៅតាមបណ្ដារោងចក្រទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ ថែទាំរោងចក្រសហគ្រាសឱ្យបានល្អ កាលណារោងចក្រត្រូវបិទកម្មករគឺជាជនរងគ្រោះមុនគេ ដូច្នេះកុំលុះ ទៅដោយការញោះញុងរបស់ក្រុមនេះ ក្រុមនោះ អ្នកនេះឬអ្នកនោះ បង្កឱ្យមានបញ្ហារហូតទៅដល់គេដក រោងចក្រចេញពីស្រុកខ្មែរ ហើយទីបំផុតយើងលែងទទួលបានប្រាក់ខែ ហើយត្រូវវិលត្រឡប់ទៅធ្វើស្រែ
ចំការវិញ។
ដូច្នេះត្រូវខិតខំចៀសវាងនូវអំពើណាមួយដែលវានាំទៅដល់ការខាតបង់ទាំអងស់គ្នា។ រវាងរោងចក្រនិងកម្មករត្រូវមានទំនាក់ទំនងគ្នាបេះមិនដាច់ ហើយរាជរដ្ឋាភិបាលបន្តការខិតខំទាញមក នៅអ្នកវិនិយោគថ្មីៗ ឯអ្នកវិនិយោគចាស់ដែលមានខិតខំសម្រួលពាណិជ្ជកម្ម ដើម្បីឱ្យការផលិតកាន់តែមាន ផលចំណេញ ហើយផលចំណេញនេះបានកម្រៃធ្លាក់ទៅលើកម្មករ ដូចជាការបញ្ចុះបន្ថែមទៅលើតម្លៃអគ្គិសនី ដែលនាំទៅដល់ការបង្កើនបៀវត្សដល់កម្មករ នេះជាការខិតខំរបស់រាជរដ្ឋាភិបាល។
សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា កម្ពុជាចេះដោះស្រាយបញ្ហាខ្មែរនិងខ្មែរ កុំនិយាយថា គេគាប
សង្កត់ ឬមិនគាបសង្កត់នោះ។
សម្តេចថា កុំមកគាបសង្កត់អត់ដោះស្រាយទេ បើអ្នកឯងគាប ហ៊ុន សែន ដេកធ្វើមិនដឹង គាបមិនបាន តែដល់ពេលសកម្មភាពស្ងាត់ៗដោះស្រាយបាន ម្សិលមិញដោះស្រាយស្រួល។ ខុសគេកន្លែងនេះចាំចរិត
ខ្ញុំឱ្យច្បាស់។
ចៀសវៀងយប់យូរសុបិន្តច្រើន។ ត្រូវខិតខំរួមគ្នាដើម្បីកសាងទឹកដីដ៏កំសត់របស់យើង ឱ្យទៅជាទឹកដី ដែលមានការអភិវឌ្ឍ យើងរងគ្រោះច្រើនណាស់ហើយ សោកនាដកម្មច្រើនណាស់ហើយ វាលើសពី គ្រប់គ្រាន់របស់ប្រជាពលរដ្ឋរបស់យើង ដូច្នេះត្រូវតែរួមគ្នាដើម្បីរក្សាសន្តិភាព គ្មានសន្តិភាពមិនអាចអភិវឌ្ឍន៍
បានទេ កុំបង្កជម្លោះ កុំបង្កើតបញ្ហា ហើយខិតខំទាក់ទាញវិនិយោគទុនតាមរយៈ នៃការសម្រួលទាំងឡាយ ទាំងហេដ្ឋារចនាសម្ព័ន្ធទាំងទុន ទាំងរឹង ដើម្បីឱ្យអ្នកវិនិយោគមកវិនិយោគនៅកម្ពុជា៕