ប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក ប៊ុន ច័ន្ទតារាវ័ន្ត និងលោក ប៊ុន តារាវីន ដែលជាស្ថាបនិកកម្មវិធី TOS TOV App សម្រាប់ប្រើប្រាស់លើទូរស័ព្ទដៃស្មាតហ្វូនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានកោតសរសើរ ចំពោះស្នាដៃ និងសមត្ថភាពកូនខ្មែរដែលមានគំនិតផ្ដួចផ្ដើម និងបង្កើតឱ្យមានកម្មវិធីនេះឡើង ព្រមទាំងបានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមស្ថាបនិកទាំងពីរឱ្យខិតខំបន្ថែមទៀតពិនិត្យលើចំណុចខ្លាំង និងចំណុចខ្សោយរបស់គម្រោងកម្មវិធីខ្លួន ដើម្បីធ្វើការប្រកួតប្រជែងនៅលើទីផ្សារ ខណៈដែលបច្ចេកវិទ្យាព័ត៌មានកំពុងមានការរីចម្រើនឥតឈប់ឈរនៅកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំឱ្យស្ថាបនិបគម្រោងទាំងពីរនេះ ត្រូវខិតខំរកដៃគូសហការ និងវិនិយោគផងដែរ ដើម្បីជំរុញគំនិតផ្តួចផ្តើមនេះឱ្យកាន់តែទទួលបានភាពជោគជ័យ និងប្រជាប្រិយភាពខ្ពស់លើទីផ្សារជាតិ និងអន្តរជាតិ ក៏ដូចជាចូលរួមចំណែកធ្វើឱ្យវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មកម្ពុជា មានការីកចម្រើនកាន់តែប្រសើរផងដែរ។
ដោយឡែក ស្ថាបនិកទាំងពីរនាក់ បានលើកឡើងថា TOS TOV App ជាកម្មវិធីប្រើប្រាស់បច្ចេកវិទ្យាទំនើប បង្កើតឡើងដោយស្នាដៃកូនខ្មែរផ្ទាល់ ក្នុងគោលបំណងដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ធ ឱ្យកាន់តែមានភាពងាយស្រួលក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ទន្ទឹមនឹងស្ថាបនិកទាំងពីរបានគូសបញ្ជាក់ថា ជាមួយមុខងារ TOS GO របស់កម្មវិធីនេះ បានផ្តល់លទ្ធភាពឱ្យអ្នកធ្វើដំណើរស្វែងរកសេវាតាក់ស៊ី ដែលជារថយន្ត និងម៉ូតូកង់បី ដែលនៅជិតអ្នកប្រើប្រាស់កម្មវិធីនេះ។ ជាមួយមុខងារដែលបង្ហាញព័ត៌មានលើផែនទី បានផ្តល់លទ្ធភាពភ្ជាប់ទំនាក់ទំនងផ្ទាល់ និងបញ្ជូនព័ត៌មានភ្លាមៗ រវាងអ្នកបើកបរតាក់ស៊ី និងអ្នកប្រើប្រាស់ដែលកំពុងស្វែងរកសេវាដឹកជញ្ជូនអ្នកដំណើរ។
លើសពីនេះទៀត ស្ថាបនិកទាំងពីរក៏បានគូសបញ្ជាក់បន្ថែមទៀតថា កម្មវិធីនេះក៏មានមុខងារ TOS EAT ផងដែរ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចកុម្ម៉ង់ទិញម្ហូបអាហារ តាមអាហារដ្ឋាននានាជាដៃគូជាច្រើន នៅក្នុងកម្មវិធីតែមួយផងដែរ ហើយម្ហូបអាហារទាំងនោះ នឹងត្រូវបានភ្នាក់ងារដឹកជញ្ជូនមកដល់ទីកន្លែងអ្នកកុម្ម៉ង់តែម្តង៕