ឯកឧត្តម​ ស៊ុន ចាន់ថុល​ អនុញ្ញាត​ឱ្យ​ស្ថាបនិកកម្មវិធី​ TOS TOV App​ ចូលជួប​សម្តែង​ការគួរសម​ និងពិភាក្សាការងារ


ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ឱ្យ​ដឹងថា ​កាល​ពី​ថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹង​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ បានអនុញ្ញាត​ឱ្យលោក ប៊ុន ច័ន្ទតារាវ័ន្ត និងលោក ប៊ុន តារាវីន ដែលជាស្ថាបនិកកម្មវិធី TOS TOV App សម្រាប់ប្រើប្រាស់លើទូរស័ព្ទដៃស្មាតហ្វូនចូលជួបសម្តែង​ការ​គួរ​សម​ និងពិភាក្សាការងារនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុង​ឱកាសនោះ​ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានកោតសរសើរ ចំពោះស្នាដៃ និងសមត្ថភាពកូនខ្មែរដែលមានគំនិតផ្ដួចផ្ដើម និងបង្កើតឱ្យមានកម្មវិធីនេះឡើង ព្រមទាំងបានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមស្ថាបនិកទាំងពីរឱ្យខិតខំបន្ថែមទៀតពិនិត្យលើចំណុចខ្លាំង និងចំណុចខ្សោយរបស់គម្រោងកម្មវិធីខ្លួន ដើម្បីធ្វើការប្រកួតប្រជែងនៅលើទីផ្សារ ខណៈ​ដែលបច្ចេកវិទ្យាព័ត៌មានកំពុងមានការរីចម្រើនឥតឈប់ឈរនៅកម្ពុជា។

ជាមួយគ្នានេះដែរ​ ឯកឧត្តមក៏បានណែនាំឱ្យ​ស្ថាបនិបគម្រោងទាំងពីរនេះ ត្រូវខិតខំរកដៃគូសហការ និងវិនិយោគផងដែរ ដើម្បីជំរុញគំនិតផ្តួចផ្តើមនេះឱ្យកាន់តែទទួលបានភាពជោគជ័យ និងប្រជាប្រិយភាពខ្ពស់លើទីផ្សារជាតិ និងអន្តរជាតិ ក៏ដូចជាចូលរួមចំណែកធ្វើឱ្យវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មកម្ពុជា មានការីកចម្រើនកាន់តែប្រសើរផងដែរ។

ដោយ​ឡែក​ ស្ថាបនិកទាំងពីរនាក់ បានលើកឡើងថា TOS TOV App ជាកម្មវិធីប្រើប្រាស់បច្ចេកវិទ្យាទំនើប បង្កើតឡើងដោយស្នាដៃកូនខ្មែរផ្ទាល់ ក្នុងគោលបំណងដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ធ ឱ្យកាន់តែមានភាពងាយស្រួលក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ទន្ទឹមនឹង​ស្ថាបនិក​ទាំងពីរ​បាន​គូសបញ្ជាក់ថា​ ជាមួយមុខងារ TOS GO របស់កម្មវិធីនេះ បានផ្តល់លទ្ធភាពឱ្យអ្នកធ្វើដំណើរស្វែងរកសេវាតាក់ស៊ី ដែលជារថយន្ត និងម៉ូតូកង់បី ដែលនៅជិតអ្នកប្រើប្រាស់កម្មវិធីនេះ។ ជាមួយមុខងារដែលបង្ហាញព័ត៌មានលើផែនទី បានផ្តល់លទ្ធភាពភ្ជាប់ទំនាក់ទំនងផ្ទាល់ និងបញ្ជូនព័ត៌មានភ្លាមៗ រវាងអ្នកបើកបរតាក់ស៊ី និងអ្នកប្រើប្រាស់ដែលកំពុងស្វែងរកសេវាដឹកជញ្ជូនអ្នកដំណើរ។

លើសពីនេះទៀត​ ស្ថាបនិកទាំងពីរ​ក៏បាន​គូសបញ្ជាក់​បន្ថែមទៀតថា​ កម្មវិធីនេះក៏មានមុខងារ TOS EAT ផងដែរ ដែល​អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចកុម្ម៉ង់ទិញម្ហូបអាហារ តាមអាហារដ្ឋាននានាជាដៃគូជាច្រើន នៅក្នុងកម្មវិធីតែមួយផងដែរ ហើយម្ហូបអាហារទាំងនោះ នឹងត្រូវបានភ្នាក់ងារដឹកជញ្ជូនមកដល់ទីកន្លែងអ្នកកុម្ម៉ង់តែម្តង៕