ក្រសួងសង្គមកិច្ច បើកយុទ្ធនាការផ្សព្វផ្សាយពីសិទ្ធិជនមានពិការភាព គោលដៅដើម្បីកាត់បន្ថយការរសើអើងចំពោះជនមានពិការភាព


យុទ្ធនាការដើរផ្សព្វផ្សាយពីសិទ្ធិជនមានពិការភាពក្រោមប្រធានបទ «ពិការភាពមិនមែនជាបញ្ហាទេអ្វីដែលជាបញ្ហានោះ គឺឧបសគ្គរារាំងនៅក្នុងសង្គម» បានរៀបចំធ្វើនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។

យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង រួមចំណែកនៃការជួយពន្លឿន ការផ្សព្វផ្សាយពីសិទ្ធិ និងសមត្ថភាព ជនមានពិការភាព ជាពិសេសកុមារខ្សោយសតិបញ្ញា ព្រមទាំងកាត់បន្ថយការរសើអើង ចំពោះ ជនមានពិការភាព ព្រមទាំងភ្ជាប់សកម្មភាពគម្រោងទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា សកម្មភាពការងារ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នេះជាការលើកឡើងរបស់ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

ជាមួយគ្នានោះ ឯកឧត្តម សែម សុខា ក៏បានបង្ហាញការជឿជាក់ថា យុទ្ធនាការនេះ រួមចំណែកដើម្បីជួយផ្សព្វ ផ្សាយពីសិទ្ធិជនមានពិការភាពដោយជោគជ័យនៅក្នុងប្រទេសកម្ពុជា ហើយបន្តបង្ហាញឆន្ទៈ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ដើម្បីធានាដល់ការអនុវត្តដោយមានការចូលរួមពៅគ្រប់ជ្រុងជ្រោយទទួលបានស័ក្តិសិទ្ធិភាព នៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធិជនពិការជាដើម។

ឯកឧត្តមបានបន្តថា ជាការពិតណាស់រាជរដ្ឋាភិបាលបានធ្វើការវិនិយោគលើវិស័យពិការភាព ជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកំពុងស្តារ និងអភិវឌ្ឍមាតុប្រទេស ពិសេសរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងតំបន់សេដ្ឋកិច្ច ដែលជាឱកាសសម្រាប់លើកកម្ពស់ជនមានពិការភាពនៅកម្ពុជា ការផ្តល់នូវដីសម្បទា នសេដ្ឋកិច្ច និងការស្តារលទ្ធភាពពលកម្ម សម្បទាជូនជនមានពិការភាព។

បន្ថែមពីលើនេះ លោក អេនរីគេ ហ្វីហ្គារ៉េដូ ជាប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការករុណាបាត់ដំបង និងជាស្ថាបនិកអង្គការករុណាបាត់ដំបង បានលើកឡើងថា យុទ្ធនាការនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមគម្រោងឈ្មោះ «សមត្ថភាពជនពិការ» ដែលមានប្រធានបទ «ពិការភាព មិនមែនជាបញ្ហាទេ អ្វីដែលជាបញ្ហានោះគឺឧបសគ្គរារាំងនៅក្នុងសង្គម» ក្នុងគោលបំណង «ជំរុញឲ្យមានការគោរពសិទ្ធិ និងកាត់បន្ថយ ឧបសគ្គរារាំងដល់ ជនមានពិការភាពក្នុងការចូលរួមជាមួយការងារនៅក្នុងសង្គម ជាពិសេសសកម្មនៅក្នុងផ្ទះរបស់ពួកគេ» សម្រាប់ ជួយដល់កុមារពិការសតិបញ្ញា ដែលអង្គការករុណាបាត់ដំបង បានអនុវត្តគម្រោងនេះ ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។

លោកបានបន្តថា យុទ្ធនាការនេះ ក៏ធ្វើឡើងក្នុងគោលដៅជំរុញឲ្យជនពិការបានចូលរួម យ៉ាងពេញលេញនៅក្នុងសកម្មភាពគ្រួសារ និងសង្គម។ ព្រមទាំងជម្រុញឲ្យសហគមន៍ មើលឃើញពីសមត្ថភាពជន មានពិការភាព ជាងភាពពិការរបស់ពួកគេ។

ជាមួយគ្នានោះ លោក ទុំ ឈៀត នាយកប្រតិបត្តិអង្គការករុណាបាត់ដំបង សម្រាប់យុទ្ធនាការនេះ គឹសកម្មភាពមួយដ៏សំខាន់នៃគម្រោង សមត្ថភាពជនពិការ ដែលបាននឹងកំពុងអនុវត្ត នៅក្នុងខេត្តចំនួន៣ គឺ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។ គម្រោងនេះ បាននឹងធ្វើការជាមួយកុមារមានភាពខ្សោយសតិបញ្ញាក្នុង គោលបំណង «ដើម្បីឲ្យមានល័ក្ខខ័ណ្ឌសមស្របសម្រាប់ការ ចូលរួមរបស់ជនមានពិការភាពនៅក្នុងសម្មភាពសង្គម សេដ្ឋកិច្ចរបស់ គ្រួសារ និង សហគមន៍ក្នុងគោលបំណងធ្វើអោយប្រសើរឡើងនូវគុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាពព្រមទាំងការគោរព ចំពោះជនមានពិការភា»

លោក ទុំ ឈៀត បានបន្ថែមថា បើទោះជាមានការខិតខំប្រឹងប្រែងពីអង្គការ សង្គមស៊ីវិល និងរាជរដ្ឋាភិបាលក៏ដោយ ក៏នៅតែមានការរំលោភបំពានសិទ្ធិការរើសអើង នៅតំបន់មួយចំនួន។ នេះបើយោងតាមបទពិសោធន៍ និងការសិក្សារបស់អង្គការករុណាបាត់ដំបង នៅក្នងការធ្វើការជាមួយកុមារពិការខ្សោយសតិបញ្ញាអស់រយៈពេលជាង ១០កន្លងមកនេះ៕