ក្រសួងបរិស្ថានបោះពុម្ភសៀវភៅ យុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ ៥០០០ក្បាល ដើម្បីចែកជូនស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនដោយឥតគិតថ្លៃ


ក្រសួងបរិស្ថានបោះពុម្ភសៀវភៅ យុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ២០១៦ ២០២៣ ចំនួន៥០០០ក្បាល ដើម្បីចែកជូនស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនដោយឥតគិតថ្លៃ ដើម្បីធានានិរន្តរភាព និងពង្រឹងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការងារអភិវឌ្ឍន៍ ព្រមទាំងការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិផងដែរ ។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថាការបោះពុម្ភសៀវភៅនេះគឺដើម្បីជួយ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃកិច្ចការពារបរិស្ថាន ។

ក្នុងឱកាសផ្សព្វផ្សាយ និងដាក់ឲប្រើប្រាស់ផ្លូវការ នូវសៀវភៅយុទ្ធសាស្រ្ត និងផែនការសកម្មភាព បរិស្ថានជាតិ ២០១៦ ២០២៣ នៅថ្ងៃទី២៧ ខែ មិថុនា ទីស្តីការក្រសួង ឯកឧត្តមបន្តថា គោលបំណងនៃការ បោះពុម្ភសៀវភៅយុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ២០១៦ ២០២៣ ដើម្បីចែកជូនក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ បានយល់ដឹង ពីសារៈសំខាន់ នៃការការពារធនធានធម្មជាតិ និងជីវះចំរុះ។

(នៅក្នុងនេះគឺបានលើកចេញនៅគោលបំណងក៏ដូចជាយុទ្ធសាស្ត្រជាច្រើនគឺការផ្សព្វផ្សាយអប់រំនិងលើកកម្ពស់ការយល់ដឹងជាសារធារណះក៏មានលើកក្នុងឯកសារយុទ្ធសាស្ត្រនេះដែរអញ្ជឹងហើយបានយើងខិតខំធ្វើការបោះពុម្ភឲបានចំនួន៥០០០ក្បាលដើម្បីចែកជូនទៅដល់គ្រប់ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍ ក៏ដូចជាផ្នែកឯកជនពាក់ព័ន្ធហើយក៏ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីគឺចែកទៅដល់រដ្ឋបាលឃុំ )។

សូមបញ្ជាក់ថាសៀវភៅយុទ្ធសាស្រ្តនិងផែនការសកម្មភាពបរិស្ថានជាតិ២០១៦ ២០២៣ ក្រសួងបានរៀបចំបោះពុម្ភ ចំនួន ៥០០០ក្បាលដើម្បីចែកជូន ដោយឥតគិតថ្លៃគឺដើម្បីបង្ហាញថា ការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិមានលក្ខណៈអន្តរវិស័យ យុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ ២០១៦ ២០២៣ ត្រូវរៀបចំឡើងមិនមែនសម្រាប់តែក្រសួងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជំរុញឲក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន គ្រឹះស្ថាន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ដាក់បញ្ជូលបញ្ហាបរិស្ថានទៅក្នុងគោលនយោបាយ យុទ្ធសាស្រ្ត ផែនការសកម្មភាព និងផែនការវិនិយោគនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៕