លោក សយ សុភាព និងលោក LIUXIAO GUANG សហប្រធានសមាគមអ្នកសារពត៌មានកម្ពុជា-ចិន ដឹកនាំគណៈ ប្រតិភូ វិនិយោគិន ចិនខេត្តព្រះ សីហនុ ចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នាថ្ងៃអាទិត្យ ១៣រោជ ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៩។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថា ក្នុងអាណត្តិថ្មីរបស់ឯកឧត្តមមកកាន់ជាអភិបាលខេត្តព្រះសីហនុ ការងារដំបូង គឺចាប់ផ្តើមការពិនិត្យការងារសន្តិសុខ សុវត្ថិភាពសាធារណៈ និងគម្រោងសាងសង់ផ្លូវមួយខ្សែ ចាប់ពីព្រលានយន្តហោះអន្តរជាតិ កង កេង ខេត្តព្រះសីហនុ មកក្រុងព្រះ សីហនុ ដើម្បីជួយរំដោះ និងសម្រួលការកកស្ទះចរាចរណ៍ររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរតាមផ្លូវជាតិលេខ៤ ខណៈពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហុក បញ្ហាកំណើនយានយន្ត ដឹកជញ្ជូនមានការកើនឡើង ធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងខូចខាតផ្លូវមួយចំនួនក្នុងក្រុងព្រះសីហនុ ។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានសំណូមពរឱ្យគណៈប្រតិភូវិនិយោគិនចិន ក្នុងខេត្តព្រះសីហនុធ្វើយ៉ាងណាជួយសហការ គាំទ្រកាដល់ការអភិវឌ្ឍខេត្តព្រះសីហនុ និងរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងក្រុង ខេត្តឱ្យមាន សោភណភាពល្អឡើងវិញ នៅពេលខាងមុខ ។
ក្នុងឱកាសនោះគណៈប្រតិភូវិនិយោគិនចិនក្នុងខេត្តព្រះសីហនុ បានស្វាគមន៍ គាំទ្រនូវគម្រោងផែនការណ៍សកម្មភាពដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ក្នុងការស្ថាបនា កែលម្អសោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានខេត្តព្រះ សីហនុ ព្រមទាំងនាំយកនូវថវិកាមួយចំនួនជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបន្តដោះស្រាយបញ្ហាករណីដួលរលំបាក់អគារកម្ពស់ ៧ជាន់ នៅកណ្ដាលក្រុងព្រះសីហនុបណ្តាលឱ្យមនុស្សស្លាប់ រហូត ២៨នាក់ ស្រី ០៤នាក់ និងរបួស ២៦នាក់ ស្រី ០២នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមកថ្មីនេះ និងជាការឆ្លើយតបភ្លាមៗគណៈប្រតិភូវិនិយោគិនចិន បានប្ដេជ្ញាចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បីរួមចំណែកសាងសង់ផ្លូវមួយខ្សែនេះផងដែរ ដើម្បីជួយ សម្រួល និងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវជាតិលេខ៤ នាពេលបច្ចុប្បន្ន ៕