គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា


(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០១៩) ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណៈបក្សខេត្ត និងដោយបានការចូលរួមពីសមាជិក សមាជិកា សកម្មជនគណបក្ស ប្រមាណជិត២ពាន់នាក់ នៅស្នាក់ការគណបក្សខេត្តថ្មី ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណៈបក្សខេត្ត បានអាននូវសុន្ទរកថា របស់សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមិទ្ទិញខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ការបង្កើតគណបក្សប្រជាជន ដើមី្បផលប្រយោជន៍របស់ប្រជាជន ហើយមកដល់ថ្ងៃនេះមានអាយុកាល ៦៨ឆ្នាំហើយ ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូរួមសុខរួមទុក្ខ ជាមួយប្រជាជនកម្ពុជា រំដោះជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩ បានបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រ កសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ។

ឯកឧត្តម ម៉ៅ ធនិន បញ្ជាក់ថា «រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ក្រោមកិច្ចដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឲ្យសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ ក្នុងការកសាង អភិវឌ្ឍមាតុភូមិ និងលើកស្ទួយជីវភាពរបស់ប្រជាជន និងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជំរុញការកសាងអភិវឌ្ឍន៍ ប្រទេសលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព ដែលជាសរសរស្តម្ភគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍបម្រើប្រទេសជាតិ ក្នុងការឆ្លើយតបទៅឆន្ទះម្ចាស់ឆ្នោត»។

ឯកឧត្តមបន្តទៀតថា ការអភិវឌ្ឍន៍នៅមូលដ្ឋានរបស់យើង បានបន្តអស់រយះពេលពីរទសវត្តចុងក្រោយនេះដូចបងប្អូនដឹងស្រាបហើយ យើងមានប្រព័ន្ធឃោសនាច្រើនប្រភេទណាស់ ដូចជាទូរទស្សន៍ វិទ្យុ បណ្ដាញពត៍មានផ្សេងៗឫពណ្ដាញសង្គម បានផ្សព្វផ្សាយពីការដឹកនាំជោគជ័យរបស់គណបក្យប្រជាជនកម្ពុជា ដែលគិតថា រយះពេលពីរសទ្សវត្តចុងក្រោយនេះ សេដ្ឋកិច្ចនៅកម្ពុជាបានកើនឡើងយ៉ាងខ្លាំងដែលយើងសង្ឃឹមថានៅឆ្នាំ២០៣០ខាងមុខនេះ ប្រទេសកម្ពុជាក្លាយទៅកូននាគនៅអាស៊ី៕