ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញផ្ទេរសាលាគ្រួសារថ្មី ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ


នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី និងផ្ទេរការគ្រប់គ្រងសាលាឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ។

សាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩១ ដោយមានឈ្មោះថា «មជ្ឈមណ្ឌលជាតិ អប់រំជនពិការភ្នែក និងគ ថ្លង់»។ មជ្ឈមណ្ឌលនេះក៏ជាកន្លែងបណ្តុះបណ្តាលគ្រូបង្រៀនជនពិការភ្នែក និងគ ថ្លង់ និងសម្រាប់ជាទីតាំងបោះពុម្ភផ្សាយ ផលិតសម្ភារៈសិក្សារបស់ជនពិការភ្នែក និងគ ថ្លង់ផងដែរ។

ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសប្បុរសជនទាំងអស់នៅសាលាអង្គការគ្រួសារថ្មី ដែលបានប្រឹងប្រែងជួយគ្រប់គ្រង និងបណ្តុះបណ្តាលដល់កុមារពិការភ្នែក និងគ ថ្លង់។

* សម្តេចតេជោ បានថ្លែងថា ការដិតដាមជាមួយកុមារពិការភ្នែក និងគ ថ្លង់ មិនមែនតែមួយគ្រានោះទេ តែគឺបានកើតមានតាំងពីឆ្នាំ១៩៩៥មកម្ល៉េះ។ សម្តេចតេជោ បានថ្លែងថា សម្តេចមិនដែលភ្លេចមួយពេលណាក្នុងការធ្វើការសម្រាប់កុមារពិការភ្នែក និងគ ថ្លង់នោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានឯកភាពឱ្យលោក អាមាំងស៉្យុង ធ្វើការតាមដានលើសាលាគ្រួសារថ្មីបន្តទៀត ទោះត្រូវផ្ទេរទៅឱ្យក្រសួងអប់រំក៏ដោយ ដើម្បីធានាថា ការផ្ទេរនេះទទួលបានជោគជ័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចំណាយប្រមាណ២៤ម៉ឺន ៧ពាន់ ៦២៥ដុល្លារ សម្រាប់ឱ្យកុមារពិការភ្នែក និងគ ថ្លង់ បានដើរលេងកម្សាន្តចំនួន៣៧លើក នាពេលកន្លងមក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រូនៅសាលាគ្រួសារថ្មីទទួលបានប្រាក់ឧបត្ថម្ភប្រមាណ៨០ម៉ឺនរៀល បន្ថែមពីលើប្រាក់បៀវត្សរ៍ ដោយសារការបង្រៀន កុមារពិការភ្នែក និងគ ថ្លង់ លំបាកជាងការបង្រៀនកុមារមានកាយសប្បទាគ្រប់គ្រាន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់លោក អាមាំងស៉្យុង ថា សូមប្រាប់ម្ចាស់ជំនួយទាំងអស់កុំឱ្យមានការបារម្ភចំពោះការផ្ទេរសាលាគ្រួសារថ្មី មកក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើឱ្យចិន កូរ៉េខាងត្បូង ជប៉ុន ធានាគារអភិវឌ្ឍន៍អាស៊ី ធានាគារពិភពលោក និងធានាគារបារាំងជាដើម កុំដំឡើងការប្រាក់សម្រាប់កម្ចីរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលាអង្គការគ្រួសារថ្មីទោះត្រូវផ្ទេរមកក្រសួងអប់រំ ហើយម្ចាស់ជំនួយដកថយ គឺរាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យ ដួលរលំនោះឡើយ។ សម្តេចតេជោ បានលើកជាឧទាហរណ៍ថា ដូចជាមន្ទីរពេទ្យគន្ធបុប្ផាទោះលោក រិចន័រ ទទួលមរណភាពយ៉ាងណាក្តី តែមន្ទីរពេទ្យនេះនៅតែដំណើរការជាប្រក្រតី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃខាងមុខនេះ សម្តេចនឹងអញ្ជើញថ្លែងសុន្ទរកថាលើបញ្ហាសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីវឌ្ឍនភាពនៃដំណើរការសិទ្ធិមនុស្សរបស់កម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា សិទ្ធិមនុស្សមិនអាចស្ថិតនៅក្រោមគ្រាប់ផ្លោង ឬសង្គ្រាមនោះទេ។

* សម្តេចតេជោ បានថ្លែងថា កម្ពុជាកាលពី ៤០ឆ្នាំមនុស្សស្លាប់ជារៀងរាល់ថ្ងៃ តែកម្ពុជាបានបោះជំហានដោយក្លាហាន។ សម្តេចតេជោ បានថ្លែងថា សិទ្ធិមនុស្សផ្តើមចេញពីសិទ្ធិរស់រៀនមានជីវិត មិនមែនស្ថិតនៅលើការសរសេរកាសែត។

* សម្តេចតេជោ បានថ្លែងថា កន្លែងខ្លះទម្លាក់គ្រាប់បែកសម្លាប់មនុស្សរាល់ថ្ងៃ តើគេមានបានគិតពីសិទ្ធិមនុស្សដែរឬទេ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុមារពិការភ្នែក និងគ ថ្លង់ គឺសុទ្ធតែជាចៅៗរបស់សម្តេច ហើយសម្តេចមានភារកិច្ចទទួលខុសត្រូវលើរឿងនេះ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ស្ថានីយ៍ទូរទស្សន៍ឱ្យមានអ្នកប្រើភាសាសញ្ញានៅម៉ោងព័ត៌មាន ដើម្បីផ្តល់ព័ត៌មានដល់ជនពិការគ ថ្លង់។

* សម្តេចតេជោ បានថ្លែងបញ្ជាក់ថា ក្រោយពេលផ្ទេរសាលាគ្រួសារថ្មីទៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំហើយ ការជួបជុំមួយឆ្នាំពីរដងនៅតែធ្វើ ហើយការដើរលេងកម្សាន្តមួយឆ្នាំពីរដងនៅតែរក្សាដដែល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ស ខេង ដែលបានទទួលខុសត្រូវលើបញ្ហាជួយមើល និងផ្តល់សម្រាប់គ្រួសារថ្មី នៅបាត់ដំបង, សម្តេចពិជ័យសេនា ទៀ បាញ់ ជួយមើលគ្រួសារថ្មីនៅសៀមរាប និងលោក ខៀវ កាញារីទ្ធ ជួយមើលនៅខេត្តកំពង់ចាម។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកធ្លាប់ជួយដល់អង្គការគ្រួសារថ្មី គឺត្រូវតែបន្តជួយមិនត្រូវដកថយនោះទេ ទោះត្រូវផ្ទេរទៅឱ្យក្រសួងអប់រំក៏ដោយ។

* ឆ្លើយតបកង្វល់របស់ក្រសួងអប់រំយុវជន និងកីឡា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យសាងសង់អគារកម្ពស់៤ជាន់ សម្រាប់វិទ្យាស្ថានពិសេសក្នុងការ បណ្តុះបណ្តាលជាន់ខ្ពស់ដល់កុមារពិការភ្នែក និងគ ថ្លង់ នៅសាលាគ្រួសារថ្មីនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីផ្តល់ថវិកាសម្រាប់ស្ត្រីមានផ្ទៃពោះមកពីគ្រួសារក្រីក្រក្នុងរយៈពេលប្រមាណ១ខែនេះ មាន ១៨,៧២៥ករណី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុវត្តន៍កម្មវិធីគាំពារនេះមិនមែនជារឿងចៃដន្យនោះទេ តែចង់ឱ្យពលរដ្ឋមានសុខភាពល្អ ដែលជាការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់អាជ្ញាធរឱ្យតាមជួយមើលដល់កូនៗរបស់ជនរងគ្រោះស្លាប់បាត់បង់ជីវិត ដោយសារហេតុការណ៍រលំអគារ នៅព្រះសីហនុ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអ្នកជួយសង្គ្រោះទាំងអស់នឹងត្រូវបំពាក់មេដាយមាស។ សម្តេចតេជោ បានថ្លែងថា ប្រតិបត្តិការសង្គ្រោះក្នុងហេតុការណ៍រលំអគារនៅខេត្តព្រះសីហនុ មានការសហការគ្នាល្អណាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សិទ្ធិមិនមែនស្ថិតត្រឹមការបញ្ចេញមតិនោះទេ សិទ្ធិមានច្រើនបែបច្រើនយ៉ាងណាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរសម្តេចទៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មិនដឹងថា មានអ្នកធ្វើបាតុកម្មឬអត់នោះទេ? តែទោះឡើងភ្នំភ្លើង ក៏សម្តេចនៅតែទៅទីក្រុងហ្សឺណែវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងអញ្ជើញជួបប្រជាពលរដ្ឋខ្មែរប្រមាណ៧០០នាក់នៅអឺរ៉ុប។ សម្តេចតេជោ អំពាវនាវឱ្យខ្មែរនៅអឺរ៉ុប ចេញមកទទួលដំណើរសម្តេច។ សម្តេចតេជោ ក៏ស្វាគមន៍ដល់អ្នកដែលគ្រោងធ្វើបាតុកម្មស្វាគមន៍ដំណើររបស់សម្តេចផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កុមារពិការភ្នែក និងគ ថ្លង់ទាំងអស់ ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ពោលមិនត្រូវឱ្យចិត្តគំនិតពិការតាមកាយសម្បទារបស់ខ្លួននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងតាមមើលគ្រប់ប៉ុស្តិ៍ទូរទស្សន៍តែម្តង តើប៉ុស្តិ៍ណាមិនផ្តល់ឱកាសឱ្យជនពិការឡើងទៅធ្វើកាយវិការផ្តល់ព័ត៌មាន?

* សម្តេចតេជោ ប្រកាសថា សម្តេចនឹងចេញថវិកាជូនប៉ុស្តិ៍ទូរទស្សន៍ទាំងអស់ បើគេមិនមានថវិកាសម្រាប់ឱ្យជនពិការឡើងធ្វើភាសាសញ្ញា សម្រាប់ផ្តល់ព័ត៌មានជូនជនពិការទេនោះ។

* សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងបង្ហាញការជឿជាក់ថា ក្រោយផ្ទេរទៅឱ្យក្រសួងអប់រំគ្រប់គ្រងសាលាគ្រួសារថ្មីនឹងមិនថយក្រោយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាម៉ោង១០៖០៤នាទី នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩,

* ទូរទស្សន៍ព័ត៌មាន Fresh News កំពុងផ្សាយទូទាំងប្រទេសតាមរយៈ PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងស្ថានីយ៍ទូរទស្សន៍ខ្សែកាប តាមបណ្តាខេត្ត-ស្រុកនានា២៥រាជធានី-ខេត្ត៕