រក​ឃើញ​ទីតាំង​ទីក្រុង​ថ្មី​នា​ជើងភ្នំ​បូកគោ​ ខណៈ​ប្រជាជន​មូលដ្ឋាន​ស្វាគមន៍​គំរោង​នេះ​


កំពតៈ​ ​ទីតាំង​នៃ​ការសាងសង់​ទីក្រុង​ថ្មី​មួយ​នា​ជើងភ្នំ​បូកគោ​ ដែល​មាន​ចម្ងាយ​ប្រមាណ៣០គីឡូម៉ែត្រ​ពី​កំពូលភ្នំ​ ត្រូវ​បាន​ប្រជាជន​មូលដ្ឋាន​បង្ហើប​ប្រាប់​ពីទី​តាំង​ ខណៈ​ពួកគេ​បាន​ស្វាគមន៍​ចំពោះ​គម្រោង​បង្កើត​ទីក្រុង​ថ្មី​របស់​រដ្ឋាភិបាល​នេះ​។

​កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមការងារ​អន្តរក្រសួង​ដឹកនាំ​ដោយ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូ​បន​នី​យក​ម្ម​ និង​សំណង់​ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​ឯកឧត្តម ​សាយ​ សំ​អាល់​ និង​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ឯកឧត្តម ​ថោង​ ខុន​ និង​អភិបាលខេត្ត​កំពត​ និង​ព្រះសីហនុ​ បា​ពិភាក្សា​ពី​គម្រោង​បង្កើត​ទីក្រុង​ថ្មីនេះ​។

អ្នកស្រី​ ប៉ែន​ សុធា​រី​ អាយុ​ ៣៨ឆ្នាំ​ ជា​ម្ចាស់ហាង​បាយ​មួយ​កន្លែង​ ដែល​ស្ថិតនៅ​ជិត​ជើងភ្នំ​បូកគោ​បាន​ប្រាប់ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ អ្នកស្រី​មិនទាន់​ដឹង​ច្បាស់​ដែរ​ពី​គំរោង​នេះ​ តែ​បាន​មើ​លព​ត័មា​នថា​គេ​នឹង​រៀបចំ​ធ្វើ​ទីក្រុង​ថ្មី​នៅ​ជិ​តៗ​នេះ​។ តែបើ​គេ​ធ្វើ​មែន​គឺ​ល្អ​ណាស់​ ដោយសារ​នឹង​មាន​មនុស្ស​មក​រស់​កាន់តែ​ច្រើន​ ហើយនឹង​មាន​ភាព​អ៊ូអរ​ជាង​នេះ​។

អ្នកស្រី​បាន​បន្ត​ថា​ “ដី​នៅ​ហ្នឹង​វា​ថ្លៃ​ស្រាប់ហើយ​ ដោយ​មួយ​ម៉ែត្រការ៉េ​ចាប់ពី១០ដុល្លារ​រហូតដល់ ៥០ដុល្លារ​ ឥលូវ​បើ​មាន​គំរោង​គេ​ធ្វើ​ទីក្រុង​មែន​ ដី​វា​កាន់តែ​ថ្លៃ​ទៀតហើយ​ ប្រហែលជា​អាច​គុណ​និង​ពីរ​រឺ​បី​មិនដឹង​”។

ចំណែក​លោក​ចាន់​ សីហា​ អាយុ​ ៤៨ឆ្នាំ​ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​និង​មាន​ដីចំការ​មួយ​កន្លែងនៅ​ជើងភ្នំ​បូកគោ​បាន​មា​នប្រ​សាស៍​ថា​ “ខ្ញុំ​បាន​លឺ​គេ​និយាយ​រឿង​ធ្វើ​ទីក្រុង​ថ្មី​ហ្នឹង​ច្រើន​ដែរ​មួយ​រយៈ​នេះ​ បើ​និយាយទៅ​សឹងតែ​គ្រប់​ហាង​កាហ្វេ​ នៅក្នុង​ខេត្តកំពត​ ហើយ​បើសិនជា​ពិតមែន​វា​ល្អ​ណាស់​”។

លោកសីហា​បាន​បន្ត​ថា​ “ខ្ញុំ​មិន​ច្បាស់​ដែរ​ហ្នឹង​ ប្រហែលជា​បី​ខែមុន​មាន​គេ​តេ​មក​សួរ​ពូ​ដែរ​ គេ​អោយ​មួយ​ការ៉េ១០ដុល្លារ​ តែបើ​មាន​គេ​អភិ​វឌ្ឃ​ទៅជា​ក្រុង​នៅ​តំបន់​ហ្នឹង​មែន​ ប្រហែលជា​បាន​ថ្លៃ​ជា​ហ្នឹង​ច្រើន​មិនដឹង​”។

ម្ចាស់​បឹង​កាឡូ​ ក្ដា​សាណា​កា​ នឹងជា​អ្នកជំនួញ​អចល​ណៈ​ទ្រព្យ​ក្នុង​ខេត្តកំពត​លោ​ក អឿន​ រស់នៅ​អម​រើ​ន បា​ននិ​យាយ​ឲ្យដឹង​ផង​ដែរ​ថា​ វា​ជា​រឿង​ល្អ​សម្រាប់​ប្រជាជន​រស់នៅ​ក្នុង​តំបន់​នេះ​ វា​ជួយ​កាត់បន្ថយ​ការ​ចំណាក​ស្រុក​ បង្កើត​ការ​ទាក់ទាញ​អ្នក​វិយោគ​មក​វិនិយោគ​បន្ថែម​ទៀត​ក្នុង​តំបន់​នេះ​។

ទាក់ទង​តំលៃ​ដី​លោក​ រស់នៅ​អម​រើ​នក៏​បាន​អោយ​ដឹង​ថា​ “តំលៃ​កាលពីមុន​នឹង​អី​ឡូវ​ខុសគ្នា​ឆ្ងាយ​ខ្លាំង​មែនទែន​ កាល​ខ្ញុំ​មក​វិនិយោគ​ធ្វើបឹង​កាឡូ​នៅ​ឆ្នាំ២០១៦​ ដី​នៅ​ទីនេះ​ ១ម៉ែត្រការ៉េ​មិនដល់១ដុល្លារ​ផង​ហ្នឹង​ ហើយ​អី​ឡូវ​គឺ​ឡើង​មួយ​គុណ​នឹង​ម្ភៃ​ដង​ឯនោះ​”៕