អភិបាលខេត្តសៀមរាប បានចាត់លោកនាយករដ្ឋបាលនាំយកថវិកា របស់ ឯកឧត្តម និងមន្ត្រីរាជការរដ្ឋបាលខេត្តចំនួន ៤ ៨២០ ០០០រៀល ចូលរួមបុណ្យសពកុមារី រ៉ម រដ្ឋនារី នៅគេហដ្ឋាន


បន្ទាប់ពីទទួលបានដំណែងដ៏សែនក្តុកក្តួលថា កុមារី រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ បានទទួលមរណភាព ក្នុងឧបទ្ទវហេតុកាលពីវេលាម៉ោងប្រមាណ១១៖០០នាទី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅភូមិពោធិ៍ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបានចាត់លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត នាំយកថវិការបស់ ឯកឧត្តម អភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ និងការចូលរួមផ្ទាល់របស់ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងថវិការបស់អនុសាខាកាកបាទក្រហមក្រុងសៀមរាប សរុប ៤ ៨២០ ០០០រៀល ដើម្បីចូលរួមបុណ្យសព។

ក្នុងនោះដែរ លោក សុខ ថុល ក៏បានពាំនាំនូវការរំលែកទុក្ខ របស់ ឯកឧត្តម អភិបាលខេត្ត ដោយមានការសោកស្តាយយ៉ាងខ្លាំងចំពោះការកើតឧបទ្ទវហេតុនេះឡើង ក្នុងបរិយាកាសដ៏សែនក្តុកក្តួលនេះ លោកក៏បានសម្តែងនូវការសោកស្តាយអាឡោះអាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយលោក រ៉ម រដ្ឋ និងលោកស្រី នល់ សុលី ដែលត្រូវជាមាតា បិតា របស់កុមារី។

សូមគុណបុណ្យបារមី វត្ថុសក្តិសិទ្ធិក្នុងលោក និងបារមីថែរក្សាទឹកដីអង្គរ សូមប្រោសប្រទាន សព្វសាធុការពរ ជូនដួងវិញ្ញាណក្ខន្ធរបស់ កុមារី បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕