កូនឈើចំនួន ៣៣០០ដើមត្រូវបានអាជ្ញាធរខេត្ត និង បងប្អូនប្រជាពលរដ្ឋដាំលើផ្ទៃដី៣ហិចតាក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា


ថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០១៩ រដ្ឋបាលព្រៃឈើប្រាសាទបាគង សហការជាមួយ ខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានរៀបចំដាំកូនឈើចំនួន៣៣០០ដើម (មានឈើទាល គគីរ បេង និង ធ្នុង) លើផ្ទៃដី៣ហិចតា ក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា ស្ថិតនៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាបក្រោមអធិបតីភាពរបស់ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្តនិងជាតំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

ឯកឧត្តម អ៉ឹង ហឿន បានគូសបញ្ជាក់ថាការប្រារព្ធពិធីបុណ្យរុក្ខទិវានាពេលនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការអភិរក្សធនធានព្រៃឈើ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល ហើយជាគោលដៅយូរអង្វែងរបស់ប្រទេសជាតិយើង គឺការអភិរក្ស និង ការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និង ប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព និង បានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យបានប្រសើរឡើង និង ប្រែក្លាយមូលដ្ឋានក្នុងតំបន់នេះឲ្យមានទេសភាពល្អ ប្រកបដោយគម្របពណ៌បៃតង កាន់តែស្រស់ត្រកាលឡើង ។ ម៉្យាងទៀតថ្ងៃនេះក៏មានអត្ថន័យដ៏ជ្រាលជ្រៅ សម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យចេះស្រឡាញ់ព្រៃឈើ សម្បត្តិធម្មជាតិ និង ចូលរួមដាំដុះ ការពារថែរក្សាព្រៃឈើ ក្នុងការជួយជម្រុញផលប្រយោជន៍ដល់ប្រជារាស្ត្រយើងក្នុងជីវភាពរស់នៅបង្កបង្កើនផលកសិកម្ម និង បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម និង ភពផែនដី ។

ឯកឧត្តម អ៉ឹង ហឿន បានបន្តទៀតថា ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និង ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និង ស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ។ ក្នុងនោះដែរឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានកំពុងកាប់ទន្ទ្រានបំផ្លាញព្រៃឈើដើម្បីយកដីព្រៃ ត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើររបស់ខ្លួន និង ការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ ម្យ៉ាងទៀតធ្វើអោយមានគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើនោះ ជាពិសេសនៅតំបន់ភ្នំគូលែន នាបច្ចុប្បន្នមានការប្រែប្រួលយ៉ាងខ្លាំងពីធម្មជាតិ ដែលកើតចេញពីអំពើនៃមនុស្ស។

ព្រឹត្តិការណ៍រុក្ខទិវានាថ្ងៃនេះ ជាការឆ្លុះបញ្ចាំងសារជាថ្មីម្តងទៀត នូវការភ្ញាក់រលឹករបស់ប្រជាជាតិយើងទាំងមូល ក្នុងការប្រឈមមុខដោះស្រាយគ្រោះមហន្តរាយនៃការបាត់បង់ព្រៃឈើ និងស្មារតី ម្ចាស់ការទទួលខុសត្រូវលើជោគវាសនាអនាគតមាតុភូមិយើង សម្រាប់យើងជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយ យើងត្រូវចាប់ផ្តើមដោយឥតបង្អែរបង្អង់ នូវផែនការស្តារព្រៃឈើ និងការដាំកូនឈើឡើងវិញ ជាខ្សែចង្វាក់គ្រប់ទិសទី ដើម្បីឲ្យខេត្តសៀមរាបរបស់យើងរក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ និងមានសម្រស់ស្រស់បំព្រងដោយរុក្ខជាតិពណ៌បៃតងឡើងវិញ សំខាន់នៅតំបន់ភ្នំគូលែននេះ៕