ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសម្ពោធសៀវភៅដែលមានចំណងជើង ការត្រួតពិនិត្យដោយសភាលើវិស័យសន្តិសុខ


ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា និងជាតំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពង់ និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីប្រកាសសម្ពោធសៀវភៅដែលមានចំណងជើង “ការត្រួតពិនិត្យដោយសភាលើវិស័យសន្តិសុខ” ដែលពិធីបានរៀបចំប្រារព្ធឡើងនៅសណ្ឋាគាររ៉ាហ្វលឡឺរូយ៉ាល់ រាជធានីភ្នំពេញ។ សូមបញ្ជាក់ជូនថាពិធីប្រកាសសម្ពោធសៀវភៅនេះរៀបចំដោយវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព ក្រោមកិច្ចសហការជាមួយសហភាពអន្តរសភា IPU និងមជ្ឈមណ្ឌលហ្សឺណែវ ដើម្បីត្រួតពិនិត្យកងកម្លាំងប្រដាប់អាវុធតាមបែបលទ្ធិប្រជាធិបតេយ្យ។