រាជរដ្ឋាភិបាលកម្ពុជាស្វែងរកកិច្ចសហការជាមួយដៃគូអន្តរជាតិដើម្បីរួមគ្នាបង្រ្កាប និងទប់ស្កាត់បទល្មើសជួញដូរមនុស្ស


ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦– សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាស្វែងរកកិច្ចសហការជាមួយដៃគូអន្តរជាតិដើម្បីរួមគ្នាបង្រ្កាប និងទប់ស្កាត់បទល្មើសជួញដូរមនុស្សឱ្យមានប្រសិទ្ធភាព។
ក្នុងទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានប្រកាស ឱ្យបណ្តាប្រទេសក្នុងតំបន់បង្កើន កិច្ចសហការឱ្យបានជាក់លាក់ ដើម្បីរួមគ្នាបង្រ្កាបអំពើជួញដូរមនុស្ស គ្រប់រូបភាពតាម រយៈការផ្តន្ទាទោសជនល្មើសឱ្យខ្លាំងក្លា និងប្រសិទ្ធភាព។
សម្តេចក្រឡាហោមបានបញ្ជាក់ថា កម្ពុជានឹងយកអនុសញ្ញា កតិកាសញ្ញាអន្តរជាតិច្បាប់ជាតិ អនុស្សរណៈ កិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី ផែនការសកម្មភាព រួមនឹងផែនការជាតិ ព្រមទាំងបទដ្ឋាន គតិយុត្តិទាំងឡាយដែលមានស្រាប់ ដើម្បីធ្វើជាមូលដ្ឋាន គ្រឹះឈានទៅបង្រ្កាបបទល្មើស ជួញដូរមនុស្ស ដែលបាននិង កំពុងកើតឡើងក្នុងរូបភាពឆ្លងដែន។
សម្តេចបានបន្ដថា ដើម្បីអនុវត្តន៍ការងារបង្រ្កាបបទល្មើសជួញដូរមនុស្សនេះ ឱ្យមានប្រសិទ្ធភាពនោះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សដើម្បីធ្វើជាសេនាធិការ។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាមួយចំនួន បាននិងកំពុងតែទទួល រងគ្រោះ យ៉ាងធ្ងន់ធ្ងរពីអំពើ ជួញដូរមនុស្សតាមរយៈការកេងប្រវ័ញ្ចគ្រប់រូបភាព ការរំលោភបំពានលើ សិទ្ធិសេរីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដោយបានបំផ្លាញដល់រាងកាយ និងបញ្ញាស្មារតីជនរងគ្រោះ។
លោកជំទាវបានអះអាងថា បញ្ហាទាំងនេះធ្វើឱ្យមានវិបត្តិក្នុងសង្គមកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមាន ការទប់ស្កាត់ និងលុបបំបាត់ទាន់ពេលវេលាទេនោះ៕