នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៖ វិមានឈ្នះឈ្នះ នៅតែមានប្រជាពលរដ្ឋចូលទស្សនាតាំងពីព្រឹកទល់យប់ ដែលបង្ហាញពីការចូលរួមបង្កើនស្មារតីចងចាំប្រវត្តិសាស្ដ្រជាតិ


នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានឲ្យដឹងថា ការមកទស្សនាវិមានឈ្នះឈ្នះ នាថ្ងៃចុងសប្ដាហ៍ម្សិលមិញនេះ មានភាពខ្ញៀវខ្ញាតាំងពីព្រឹកដល់យប់ បើទោះបីមេឃក្ដៅ ឬភ្លៀងនោះទេ។

តាមរយៈ Facebook នយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះថា ការចូលរួមទស្សនាពីសំណាក់ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករនេះ គឺបង្ហាញអំពីការចូលរួមយ៉ាងសំខាន់ បង្កើនស្មារតីចងចាំ សិក្សាប្រវត្តិសាស្ដ្រសម័យតេជោថ្មី។

នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «ការមកទស្សនាវិមានឈ្នះ ឈ្នះនាថ្ងៃអាទិត្យនេះ មានភាពខ្ញៀវខ្ញា ពាសពេញ អឹកធឹក តាំងពីព្រឹកដល់យប់ ខ្លះមើលទាំងភ្លៀង ទាំងក្តៅ និងយកចិត្តទុកដាក់គ្រប់គ្នា។ មានការថតរូបនៅសំណាកប្រាសាទព្រះវិហារច្រើន ព្រោះចងចាំថ្ងៃដាក់ប្រាសាទចូលបេតិកភ័ណ្ឌ។ នេះជាការចូលរួមយ៉ាងសំខាន់បង្កើនស្មារតីចងចាំ សិក្សាប្រវត្តិសាស្ត្រសម័យតេជោថ្មី ចំណងដៃតជំនាន់ឲ្យបានមុតមាំឋិតឋេរ»

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្ថែមថា អ្នកដែលចូលរួមទស្សនានោះរួមមាន ប្រតិភូយុវជនមកពី ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង, ប្រជាពលរដ្ឋកម្ពុជាក្រោម ចំនួន៣៥នាក់, គណៈប្រត្តិភូមកពីស្រុកកោះធំ ខេត្តកណ្តាល ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ដែលមានចំនួន១៥០នាក់, ក្រុមហ៊ុន NSZ WORLD ដែលមានបុគ្គលិក សរុប១០០នាក់, ក្រុមទេសចរជនជាតិចិន និងប្រជាជនគ្រប់មជ្ឈដ្ឋានប្រមាណ៧០០នាក់៕