រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រសមាគមអភិរក្សសត្វដំរី អៃរាវត្តា ខេត្តរតនគិរី ដែលបង្កើតតំបន់អេកូទេសចរណ៍ និងកន្លែងបង្កាត់ពូជដំរីដ៏ធំនៅកម្ពុជាពេលអនាគត


(រតនគិរី)៖ រដ្ឋមន្រី្តក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ និងរដ្ឋមន្រី្តក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដាំកូនឈើដែលរៀបចំឡើង ដោយសមាគមអភិរក្សសត្វដំរី អៃរាវត្តា (ARIAVATA) ដែលពិធីនេះធ្វើនៅទីតាំង តំបន់អេកូទេសចរណ៍ ភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនោះឯកឧត្តម សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមអភិរក្សសត្វដំរីក្នុងខេត្តរតនគិរី ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សសត្វដំរី ក៏ដូចជាការចូលរួមការពារ និងអភិរក្សបរិស្ថានតាមរយៈការបង្កើតឲ្យមាន តំបន់អេកូទេសចរណ៍ដ៏មានសក្តានុពល ក្នុងដែនអភិរក្សរបស់ខ្លួនស្ថិតក្នុងភូមិសាស្រ្តនេះ។

ឯកឧត្តម សាយ សំអាល់ បានសម្តែងនូវការគាំទ្រចំពោះសមាគមអភិរក្សសត្វដំរី អៃរាវត្តា ដែលបានបង្កើតតំបន់អេកូទេសចរណ៍ និងរៀបចំឲ្យមានកន្លែងបង្កាត់ពូជដំរី ដ៏ធំជាងគេនៅប្រទេសកម្ពុជា ក្នុងទឹកដីភាគឦសានមួយនេះ ហើយក្នុងនាមក្រសួងបរិស្ថាន លោកនឹងផ្តល់ថវិកាក្នុងមួយឆ្នាំ ២ម៉ឺនដុល្លារ ដល់សមាគមដើម្បីឲ្យមានលទ្ធភាពបន្ថែមទ្រទ្រង់ ដល់កិច្ចដំណើរការរបស់ខ្លួន ប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសសមាគមអភិរក្សសត្វដំរី អៃរាវត្តា ក៏បានសម្តែងនូវការគាំទ្រផងដែរនូវគម្រោងខាងលើ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកគម្រោងបង្កើតតំបន់អេកូទេសចរណ៍ និងការអភិរក្សសត្វដំរីពិតជាមានសារៈសំខាន់ណាស់ ក្នុងការរក្សាបាននូវធនធានធានធម្មជាតិ និងបង្កើនចំនួនសត្វដំរីកាន់តែច្រើនឡើង ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសអាចជួយកាត់បន្ថយភាពក្រីក្រី ក្នុងសហគមន៍តាមរយៈការប្រាក់ចំណូលបានពីអេកូទេសចរណ៍នេះ។

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា បច្ចុប្បន្ននេះសមាគមអភិរក្សសត្វដំរី អៃរាវត្តា (ARIAVATA) មានសត្វដំរីចំនួន ៤ក្បាល (ឈ្មោល២ ញី២) សម្រាប់ធ្វើការបង្កាត់ពូជ ហើយនៅពេលអនាគត (ARIAVATA) និងទិញពីខេត្តសូរិន ប្រទេសថៃ ឬពីប្រទេសភូមាបន្ថែមទៀត ដើម្បីយកមកបង្កាត់ពូជ ឲ្យមានចំនួនកាន់តែច្រើន។

បើតាមការលើកឡើងរបស់ លោកស្រី រ័ត្ន ខៃចិន្តា ប្រធានសមាគមអភិរក្សសត្វដំរី អៃរាវត្តា បានឲ្យដឹងថា សមាគមនេះបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយក្រុមគ្រួសារលោកស្រីផ្ទាល់ ហើយ (AIRAVATA) នេះគឺដោយហេតុថា ក្រុមគ្រួសារ លោកស្រីស្រលាញ់បរិស្ថាន ធម្មជាតិ និងស្រលាញ់សត្វដំរី និងចង់ឲ្យមានវត្តមានសត្វដំរីក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ នាថ្ងៃអនាគត។

លោកស្រីបន្តថា សមាគមបានការចូលរួមដោយស្ម័គ្រចិត្តពីអ្នកបង្ហាត់បង្រៀនដំរី ក៏ដូចជា អ្នកមើលថែដំរីពីក្រៅប្រទេសមកជួយបង្ហាត់ដំរី ក្នុងសមាគមន៍ដើម្បីឲ្យអ្នកមើលថែដំរី (ហ្ម) មានបច្ចេកទេសត្រឹមត្រូវផងដែរ។ ដោយឡែកការដាំកូនឈើ ក្នុងដែនអភិរក្សអេកូទេសចរណ៍ នាថ្ងៃនេះសមាគមបាននាំយកូនឈើចម្រុះជាង២,០០០ដើមមកដាំ សង្ឃឹមថា វានឹងក្លាយទៅជាជម្រក នៃសត្វដំរីនិងទាក់ទាញបាននូវភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកម្សាន្តសប្បាយនៅទឹកដីភូមិភាគឦសាន នៃខេត្តរតនគិរី។

សូមបញ្ជាក់ថា ក្នុងពិធីនេះ ឯកឧត្តម ខៀវ កាញារីទ្ធ និងឯកឧត្តម សាយ សំអាល់ ក៏បានបំពាក់មេដាយការងារ និងប័ណ្ណសរសើរជូន ប្រធានសមាគម និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភគាំទ្រដល់សមាគម អភិរក្សសត្វដំរី អៃរាវត្តានេះផងដែរ៕