ថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រ ខ្សែរូត និងគ្រឿងបន្សំសម្លៀកបំពាក់ លើផ្ទៃដីទំហំ ២០៥.២៥៦ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ធីអេច ហ្ស៊ីបភើ & មេធល អេកសេសឺរី (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន ធីអេច ហ្ស៊ីបភើ & មេធល អេកសេសឺរី (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន ផងដែរ។
ជារួមអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖
១. សុំឱ្យក្រុមហ៊ុនពិនិត្យលើលទ្ធភាពក្នុងការប្រើប្រាស់ទឹកក្រោមដី ក្រុមហ៊ុនគួជីកស្រះបន្ថែម២ ទៅ៣ ទៀតដើម្បីស្តុកទឹកសម្រាប់ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ជៀសវាងការទាញទឹកក្រោមមកប្រើប្រាស់
២. សូមឱ្យក្រុមហ៊ុនសហការជាមួយក្រសួងបរិស្ថានដើម្បីយកសំណាកទឹកក្រោមដីមកធ្វើការវិភាគ ស្វែងយល់ពីគុណភាពទឹកក្រោមដី ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្នុងតំបន់
៣.សុំឱ្យក្រុមហ៊ុនពិនិត្យបញ្ហាគុណភាពខ្យល់ ធូលី និងក្លិន ទៅតាមបច្ចេកទេសស្របតាមស្តង់ដាររបស់ក្រសួងបរិស្ថាន។ ម៉្យាងទៀត ក្រុមហ៊ុនត្រូវធ្វើការអប់រំកម្មករឱ្យយល់ដឹងពីបញ្ហាសុខភាព និងសុវត្ថិភាព ដូចជា ការលាយថ្នាំ ការប្រើប្រាស់សារធាតុគីមី ការពាក់ឧបករណ៍សុវត្ថិភាព ជាដើម
៤.ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង/រាវឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ជាពិសេសសំណល់រាវក្រុមហ៊ុនមិនត្រូវបង្ហូរដោយផ្ទាល់ទៅអូរ ដោយមិនទាន់ឆ្លងកាត់អាងប្រព្រឹត្តិកម្មសំណល់រាវជាមុន
៥.ក្រុមហ៊ុនត្រូវជួយជួសជុលផ្លូវក្នុងតំបន់គម្រោងទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងត្រូវរក្សាលំហរបៃតងឱ្យបាន៣០% នៃផ្ទៃដីគម្រោង ឬក្នុង១៥០ ម៉ែត្រការ៉េត្រូវដាំដើមឈើ១ដើម
៦. ក្រុមហ៊ុនត្រូវបំពាក់ឧបករណ៍សុវត្ថិភាពដល់បុគ្គលិក-កម្មករ និងត្រូវមានអាហារដ្ឋាន គិលានដ្ឋាន និងស្លាកចររាចរណ៍ ព្រមទាំងចុះបញ្ចីរ ប.ស.សដល់បុគ្គលិក-កម្មករទាំងអស់
៧. ក្រុមហ៊ុនត្រូវកិច្ចសហការល្អជាមួយអាជ្ញាធរភូមិ-ឃុំ ស្រុក ខេត្ត ក្នុងកិច្ចការនេះឱ្យបានល្អប្រសើរ។
ឯកឧត្តម សូត យា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង
